Bentley Flying Spur Speed បង្ហាញវត្តមានជាមួយម៉ាស៊ីន ១២ស៊ីឡាំង

[ទីផ្សារបរទេស] រថយន្ត Bentley Flying Spur ជំនាន់ទីបី បាន​បង្ហាញ​វត្តមានកាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៩ សម្រាប់​ម៉ូដែល​ឆ្នាំ​២០២០ ហើយចាប់តាំងពីពេលនោះ Bentley បាន​ណែនាំប្រភេទផ្សេងៗគ្នាដូចជា Flying Spur Hybrid និង Flying Spur S ជាដើម ហើយពេលនេះ Flying Spur Speed ក៏បានបង្ហាញវត្តមានជាផ្លូវការផងដែរ។

Flying Spur Speed នឹងជារថយន្ត​តែមួយប្រភេទគត់ដែលមានបំពាក់ម៉ាស៊ីន១២ស៊ីឡាំង (W12) របស់ Bentley បន្ទាប់​ពី​ក្រុមហ៊ុន​បាន​សម្រេចដកម៉ាស៊ីន១២ស៊ីឡាំង ចេញពី Flying Spur ជាស្តង់ដារកាលពីដើមឆ្នាំកន្លងទៅ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ាស៊ីន ១២ស៊ីឡាំង លើ Flying Spur Speed គឺជាប្រភេទ Twin-Turbocharged ចំណុះ៦,០លីត្រ អាច​ផលិត​កម្លាំងបាន ៦២៦សេះ និងមានកម្លាំងរង្វិល ៩០០ញ៉ូវតុនម៉ែត្រ។ ថាមពលរបស់វាត្រូវបាន​បញ្ជូន​តាម​រយៈប្រអប់លេខ ZF ចំនួន៨វគ្គ ដែល​អាច​ឲ្យ​រថយន្ត​ស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុង​ពេល ៣,៧វិនាទី និងមានល្បឿន​អតិបរមា ៣៣៣គ.ម/ម៉។

Bentley បានកែសម្រួលរូបរាងលើប្រភេទ Speed ជាមួយ​ការបំពាក់​យ៉ាន់​កង់​ទំហំ ២២អ៊ីញដែលមានជម្រើស​ពណ៌​ខ្មៅ​រលោង, ពណ៌​ខ្មៅ​ងងឹត ឬពណ៌ប្រាក់។ Bentley ក៏បានបន្ថែមរចនាបថពណ៌ខ្មៅ​លើ​ផ្ទាំងប៉ាណាមុខ, លើអំពូលភ្លើង, លើ​ផ្លាក​រថយន្ត និង​លើ​ភ្លើង​ស្តុបក្រោយផងដែរ។

ជាមួយ Flying Spur Speed នេះ Bentley បានបង្ហាញក្ដីរំពឹងថាវានឹងមាន​ចំណែក ១ភាគ៣ នៃ​ការ​កុម្ម៉ង់របស់ត្រកូល Flying Spur នៅ​លើ​ទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប ខណៈដែល​នៅ​លើ​ទីផ្សារមជ្ឈឹមបូព៌ា រំពឹងថា​នឹង​មាន​ចំណែក ១ភាគ៥៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម