Mercedes ចាប់ដៃជាមួយ Rivian ផលិតឡានវ៉ែនប្រើអគ្គិសនីសុទ្ធ

[ទីផ្សារបរទេស] ក្រុមហ៊ុន Mercedes និង Rivian បានប្រកាសអំពីការចុះអនុស្សរណៈយោគយល់ ជាមួយ​គោល​បំណង​បង្កើត​ក្រុមហ៊ុន​រួមគ្នាមួយ ដើម្បីផលិតរថយន្តវ៉ែនប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធក្នុងតំបន់អឺរ៉ុប។

ក្រុមហ៊ុនទាំងពីរ គ្រោងផលិតរថយន្តវ៉ែន​ នៅ​ឯ​សង្វាក់ផលិតកម្មថ្មីសម្រាប់ផលិតរថយន្តអគ្គិសនីសុទ្ធ ដែល​នឹង​ស្ថិត​នៅ​​លើ​ទីតាំង​របស់ Mercedes នៅ​ឯ​ភាគកណ្ដាល ឬនៅភាគខាងកើតនៃ​តំបន់អឺរ៉ុប។ សង្វាក់ផលិតកម្មថ្មី នឹង​ផលិតរថយន្ត​សម្រាប់ Mercedes និងសម្រាប់ Rivian ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនទាំងពីររំពឹងថានឹងផលិតរថយន្តវ៉ែនយ៉ាងតិចពីរម៉ូដែល នៅឯសង្វាក់​ផលិតកម្ម​ថ្មី ដោយ​រថយន្ត Mercedes នឹង​ប្រើ​គ្រោង​ឆ្អឹង VAN.EA ខណៈដែលរថយន្ត Rivian នឹងប្រើគ្រោងឆ្អឹង Rivian Light Van ដែលជាគ្រោងឆ្អឹងជំនាន់ទីពីរ​សម្រាប់​រថយន្ត​អគ្គិសនីដែលប្រើ​សម្រាប់ការងារដឹក​ជញ្ជូន។

Mercedes និង Rivian និយាយថាពួកគេមានមហិច្ឆតាដូចគ្នា ដោយចង់​បង្កើនទំហំផលិតនៃ​រថយន្តវ៉ែន​អគ្គិសនី ដើម្បី​ជួយ​ពិភព​លោក​ផ្លាស់​ប្ដូរ​ទៅប្រើ​ប្រព័ន្ធដឹក​ជញ្ជូនដែលមិនប៉ះពាល់បរិស្ថាន។ ពួកគេអះអាងការសហការគ្នា នឹងអាចកាត់បន្ថយថ្លៃចំណាយ និង​ធ្វើ​ឲ្យ​រថយន្ត​កាន់តែមានតម្លៃធូរថ្លៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម