Kia Sorento ស៊េរីឆ្នាំ២០២៣ ប្រភេទ PHEV តម្លៃទាបបំផុតចាប់ពីជាង ៥ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Kia បានប្រកាសចេញតម្លៃលក់សម្រាប់រថយន្ត Sorento ស៊េរីឆ្នាំ​២០២៣ ប្រភេទ PHEV ដោយ​វានឹងមានតម្លៃខ្ពស់ជាងមុន ពេលចេញលក់លើទីផ្សារសហរដ្ឋអាមេរិក។

រថយន្តស៊េរីថ្មីនេះ បានលុបបំបាត់ចោលនូវប្រភេទ SX ដោយ​មានតែ​ប្រភេទ SX-P មួយតែប៉ុណ្ណោះ ជាមួយតម្លៃ​ចាប់​ផ្ដើម​ពី ៥១ ១៨៥​ដុល្លារ។ ងាកទៅមើលប្រភេទ SX-P កាលពីស៊េរីឆ្នាំ២០២២ គឺមាន​ចាប់ពី ៤៩ ០៦៥ដុល្លារ មិនដល់ ៥ម៉ឺនដុល្លារឡើយ ខណៈដែល​ប្រភេទ SX ពីមុនមានតម្លៃចាប់ពី ៤៦ ១៦៥ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Sorento PHEV SX-P ស៊េរីឆ្នាំ២០២៣ មាន​មក​ជាមួយ​មុខងារ​ពិសេសៗមួយ​ចំនួន​ដូចជា​មាន​វាំងនន​ការពារកម្ដៅ​ថ្ងៃ​សម្រាប់​កញ្ចក់​ខាងក្រោយ, មុខងារសុវត្ថិភាពដូចជា​បច្ចេកវិទ្យាទប់ស្កាត់ការប៉ះទង្គិច, មុខងារ​ជំនួយដល់​ការរក្សាគន្លង​ផ្លូវ, មុខងារ​​ឲ្យ​ដំណឹង​អ្នកបើកបរឲ្យផ្ដោតអារម្មណ៍លើការបើកបរ, មុខងារទប់ស្កាត់ការប៉ះទង្គិចពីខាងមុខ និងមាន​អេក្រង់ដែល​អាចមើល​ទិដ្ឋភាព​ជុំ​វិញ​ជាដើម។

រថយន្តនេះដែរ ក៏មាននូវកៅអីអង្គុយខាងមុខដែលអាចបញ្ចេញកម្ដៅបាន, មានគូថរថយន្តបើកតាមបែបអេឡិចត្រូនិក, មាន​ប្រព័ន្ធ​សំឡេង Bose ចំនួន១២គ្រាប់, មានដំបូលកញ្ចក់​វែង និងមានអេក្រង់កម្សាន្តទំហំ ១០,២៥អ៊ីញ។

ចំពោះម៉ាស៊ីនវិញ វាប្រើម៉ាស៊ីន Turbocharged ចំណុះ១,៦លីត្រ ៤ស៊ីឡាំង ដែលអាចផលិតកម្លាំងសរុបបាន ២៦១សេះ និង​ប្រើ​ប្រអប់លេខ​ស្វ័យ​ប្រវត្តិ​៦វគ្គ។ ប្រព័ន្ធកម្លាំងអគ្គិសនីលើរថយន្តនេះ អាចឲ្យវាបើកបរ​ដោយ​ប្រើ​ថាមពល​អគ្គិសនីសុទ្ធបាន​ចម្ងាយ ៥១,៥​គីឡូម៉ែត្រ និងប្រើពេល ៣,៥ម៉ោង ដើម្បីសាកភ្លើងពេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម