[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ram បានធ្វើការដាក់បង្ហាញចេញនៅរថយន្តភីកអាប់ Ram 2500 Heavy Duty Rebel ស៊េរីឆ្នាំ ២០២៣ ថ្មី ដែលស្ថិតនៅចន្លោះម៉ូដែល Laramie និង Power Wagon នៅក្នុងត្រកូល 2500 គ្រោងនឹងដាក់លក់នៅត្រីមាសទី ៤ ឆ្នាំ ២០២២ ជាមួយនឹងតម្លៃលក់ ៦៧ ០៤៥ បូករួមថ្លៃដឹកជញ្ចូន ១ ៨៩៥ ដុល្លារ។
សម្រាប់រចនាប័ទ្មរបស់ Heavy Duty Rebel ទទួលបានពីម៉ូដែលផ្សេងទៀត ដែលរួមមាន ឡូហ្គោពិសេស និងគម្របម៉ាស៊ីន “sport performance” ពី Mopar ។ វាក៏ត្រូវបានបំពាក់ដោយថាសកង់ទំហំ ២០ អ៊ីញជាស្តង់ដារ ស្រោបដោយសំបកកង់ទំហំ ៣៣ អ៊ីញ ហើយក៏មានជម្រើសថាសកង់ទំហំ ១៨ អ៊ីញផងដែរ។ Ram ក៏បានបំពាក់កាងការពារបាតក្រោមដើម្បីការពារធុងប្រេង, ទ្វារឃ្លុបក្រោយដែលក៏ត្រូវបានបំពាក់នៅមុខងារការដាក់ចុះក្រោមតាមស្តង់ដារ និងអំពូល LED ផងដែរ។
ចំពោះនៅផ្នែកខាងក្នុងកាប៊ីនវិញ មានភ្ជាប់មកជាមួយជម្រើសកៅអីស្ព័រស្រោបដោយស្បែកចំនួន ៣ ប្រភេទ។ កាមេរ៉ា ៣៦០ ដឺក្រេមួយជុំរថយន្តជាស្តង់ដារ និងកុងទ័រព័ត៌មានឌីជីថលទំហំ ១២ អ៊ីញ។ រថយន្តនេះក៏អាចត្រូវបានបំពាក់ដោយប្រព័ន្ធកំណត់ល្បឿនបើកបរ, ប្រព័ន្ធផ្តល់សញ្ញាគ្រោះថា្នក់, ប្រព័ន្ធជំនួយមិនឲ្យរថយន្តចាកគន្លងផ្លូវ, កាម៉េរាមើលក្រោយប្រភេទឌីជីថលជាដើម។ .
Ram 2500 Heavy Duty Rebel ថ្មី ប្រើប្រាស់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ៦,៧ លីត្រ turbo ទំហំ ៦ ស៊ីឡាំង ដែលផលិតកម្លាំងបាន ៣៧០ សេះ និងកម្លាំងរមួល ១ ១៥២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខស្វ័យប្រវត្តិ ៦ វគ្គ។ ក្នុងនោះ ក៏មានជម្រើសម៉ាស៊ីនចំណុះ ៦,៤ លីត្រ HEMI V8 អាចផលិតកម្លាំងបាន ៤១០ សេះ និងកម្លាំងរមួល ៥៨២ ញ៉ូតុនម៉ែត្រ ប្រអប់លេខស្វ័យប្រវត្តិ ៨ វគ្គ ។
មិនតែប៉ុណ្ណោះ អតិថិជនក៏អាចបញ្ជាទិញ Ram 2500 Heavy Duty Rebel WARN Zeon-12 winch ដែលមានទម្ងន់ ៥ ៤៤៣ គីឡូក្រាម នៅពេលដែលរថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ៦,៤ លីត្រ HEMI V8 ជាមួយការធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធ Rear air suspension ពង្រឹងគុណភាពនៃការបើកបរ។ ភីកអាប់នេះអាចអូសសណ្តោងបានរហូតដល់ ៧ ៦១១ គីឡូក្រាម ហើយអាចបន្ទុកអតិបរមា ១ ៤២៥ គីឡូក្រាម៕