Mazda CX-30 ស៊េរីឆ្នាំ២០២៣ កម្លាំងជាងមុន៥សេះ និងស៊ីប្រេងតិចជាងមុន

[ទីផ្សារបរទេស] ក្រុមហ៊ុន Mazda បានផ្ដល់ការអាប់ដេតសំខាន់មួយសម្រាប់រថយន្ត CX-30 ស៊េរីឆ្នាំ២០២៣ ដោយវាមានបន្ថែមកម្លាំងខ្លាំងជាងមុន សន្សំសំចៃប្រេងជាងមុន និងទទួលបានការផ្លាស់ប្ដូរដើម្បីអនុលោមទៅតាមស្តង់ដារសុវត្ថិភាពចុងក្រោយរបស់សហរដ្ឋអាមេរិកផងដែរ។

សម្រាប់ស៊េរីឆ្នាំ២០២៣នេះ ម៉ាស៊ីន Skyactiv-G ចំណុះ២,៥លីត្រ ទទួលបានកម្លាំងបន្ថែម៥សេះ ធ្វើឲ្យកម្លាំងសរុបកើនដល់ ១៩១សេះ។ ចំណែកម៉ាស៊ីននេះផងដែរក៏មានសមត្ថភាពសន្សំសំចៃប្រេងបានប្រសើរជាងមុនប្រមាណ ០,៤លីត្រ សម្រាប់ការបើកបរចម្ងាយ១០០គីឡូម៉ែត្រ លើកលែងតែប្រភេទម៉ាស៊ីន Turbo។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រភេទម៉ាស៊ីន Skyactiv-G 2.5 Turbo អាចផលិតកម្លាំងបាន ២៥០សេះ ពេលប្រើប្រេងសាំងអុកតានកម្រិត៩៣ ហើយបើប្រើប្រេងសាំងអុកតានកម្រិត៨៧ អាចផលិតកម្លាំងបានត្រឹម ២២៧សេះ ប៉ុណ្ណោះ។

រថយន្ត CX-30 ស៊េរីឆ្នាំ២០២៣ គ្រប់កម្រិតគឺមានដុសខាត់បន្ថែមលើកម្រិតសុវត្ថិភាពរួមមានការបន្ថែមពោងសុវត្ថិភាពចំហៀង, ខ្សែក្រវ៉ាត់ដែលអាចរឹតអ្នកដំណើរស្វ័យប្រវត្តិពេលមានការប៉ះទង្គិចសម្រាប់កៅអីជួរក្រោយ និង ការពង្រឹងលើសរសរ B និង C នៃរថយន្ត ជាដើម។

Mazda CX-30 ស៊េរីឆ្នាំ២០២៣ មានតម្លៃចាប់ពី ២២ ៩៥០ដុល្លារ សម្រាប់ប្រភេទ 2.5 S ជាតម្លៃនៅសហរដ្ឋអាមេរិក ឯប្រភេទ Turbo Premium Plus ដែលជាប្រភេទខ្ពស់ជាងគេមានមុខងារបន្ថែមជាច្រើននោះ មាន តម្លៃ ៣៥ ៤០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម