ញាក់សាច់! ភីកអាប់ Sierra EV Denali Edition 1ទទួលបានការកក់ទុកពេញអស់ហើយ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត GMC បានធ្វើការដាក់បង្ហាញជាផ្លូវការនៅរថយន្តភីកអាប់អគ្គិសនីសុទ្ធ GMC Sierra EV Denali Edition 1 ដោយត្រឹមរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីការបង្ហាញតាមអ៊ីនធឺណិតរបស់ខ្លួន GMC បានបញ្ជាក់ថាការកក់គឺពេញហើយ ហើយអតិថិជនដែលចាប់អារម្មណ៍ឥឡូវនេះត្រូវតែចូលរួមក្នុងបញ្ជីនៃការរង់ចាំ។

តម្លៃសម្រាប់ Sierra Denali Edition 1 ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមពី ១០៧ ០០០ ដុល្លារ ប៉ុន្តែវាអាចត្រូវបានកក់ទុកជាមួយនឹងប្រាក់ដែលអាចដកវិញបានចំនួន ១០០ ដុល្លារ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ GMC មិនបាននិយាយថា ភីកអាប់នេះ នឹងត្រូវបានផលិតចំនួនប៉ុន្មាននោះទេ ប៉ុន្តែការដឹកជញ្ជូនអតិថិជនដំបូងអាចរហូតដល់ដើមឆ្នាំ ២០២៤ ។ គេក៏មិនច្បាស់ដែរថានៅពេលណាដែលម្ចាស់រថយន្តដែលបានកក់នឹងអាចធ្វើការបញ្ជាទិញជាក់ស្តែងបាន។

គួរឲ្យដឹងថា ភីកអាប់អគ្គិសនីសុទ្ធនេះ​ បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៧៥៤ សេះ និងកម្លាំងរមួល ១ ០៦៣ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយមអាគុយ Ultium Battery អាចបើកបរបានចម្ងាយប្រហែល ៦៤៤ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ជាមួយមុខងារសាកថ្មល្បឿនលឿន DC កម្លាំងរហូលដល់ ៣៥០ គីឡូវ៉ាត់ ដោយសាកថ្មត្រឹម ១០នាទី អាចបើកបរបានចម្ងាយ ១៦១ គីឡូម៉ែត្រ ជាមួយសមត្ថិភាពអូសសណ្តោង ៤ ៣០៩ គីឡូក្រាម និងអាចផ្ទុកទម្ងន់បាន ៥៩០ គីឡីក្រាម។

ដូចទៅនឹងរថយន្តអគ្គិសនី GMC Hummer EV ដែរ សម្រាប់ Sierra EV Denali Edition 1 ក៏ត្រូវបានបំពាក់ដោយប្រព័ន្ធ 4-Wheel Steer ដែលអនុញ្ញាតឲ្យកង់ខាងក្រោយបត់ក្នុងទិសដៅដូចគ្នា ឬផ្ទុយដូចកង់ខាងមុខ ហើយក៏មានមុខងារ Crab Walk ផងដែរ។

បន្ថែមពីនេះ GMC នឹងដាក់បង្ហាញនៅ Sierra EV Denali Edition 1 ម៉ូដែល Elevation និង AT4 នៅឆ្នាំ ២០២៥ ជាមួយនឹងតម្លៃលក់ ៥០ ០០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម