ដើម្បីសម្រេចបានជោគជ័យថ្មីៗបន្ថែមបន្តទៀត ក្នុងការអនុវត្តផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក(គ.ស.ច.គ.) បានរៀបចំកិច្ចប្រជុំឆ្លងលើពង្រាងផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់រយៈពេល១០ឆ្នាំបន្ត ឆ្នាំ២០២១-២០៣០ ក្រោមការចូលរួមពី ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) ក្នុងការចូលរួមកិច្ចប្រជុំឆ្លងលើពង្រាង “ផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គ.ស.ច.គ. លោក លោកស្រី តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងមហាផ្ទៃ តំណាងអគ្គលេខាធិការដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
ជាកិច្ចចាប់ផ្តើម សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ជាប្រធាន គ.ស.ច.គ. បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកានៃអង្គប្រជុំទាំងមូល និងមានប្រសាសន៍ថា៖ ថ្ងៃនេះ សមាជិក សមាជិកា នៃគ.ស.ច.គ. បានជួបជុំគ្នាដើម្បីឆ្លងសេចក្ដីព្រាងផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ ដែលឯកសារនេះក៏បានដាក់ជូន សមាជិក សមាជិកា ទាំងអស់ពិនិត្យរួចរាល់ហើយដែរ សង្ឃឹមថានឹងទទួលបានមតិយោបល់ ក្នុងន័យស្ថាបនា និងកែលម្អជាច្រើននាឱកាសនេះ។
ជាកិច្ចបន្ត លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ បានលើកឡើងអំពីសាវតា និងចំណុចសំខាន់ៗនៃផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ គោរពជូន សម្ដេចក្រឡាហោម និងអង្គប្រជុំឱ្យបានជ្រាបថា៖ ផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ គឺជាផែនការសកម្មភាពរយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ២០២១ -២០៣០ គឺជាផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី២ បន្តពីលើកទី១ ឆ្នាំ២០១១ -២០២១ ដែលបានអនុវត្តរួច។
លោកជំទាវ បានបន្ថែមថា៖ ផែនការជាតិទសវត្សរ៍នេះ ក៏ជាឧបករណ៍ដើម្បីរួមចំណែកសម្រេចឱ្យបានភាពជោគជ័យ ក្នុងការអនុវត្តគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្របតាមគោលនយោបាយជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានទទួលការឯកភាពពី គណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គនាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤។
លើសពីនេះ លោកជំទាវ ក៏បានលើកឡើងថា៖ ផែនការនេះក៏បានសម្របសម្រួលទៅតាមផែនការសកម្មភាពសកល របស់អង្គការសហប្រជាជាតិ ដែលផ្អែកតាមច្បាប់ស្តីពីចរាចរណ៏ផ្លូវគោក និងស្របទៅនឹងការវិវឌ្ឍន៍ជឿនលឿនរបស់ជាតិលើគ្រប់វិស័យ និងជាពិសេសវិស័យដែលពាក់ព័ន្ធនឹងសកម្មភាពចរាចរណ៍ផ្លូវគោក ដូចជា៖ អត្រាកំណើនប្រជាជន កំណើនសេដ្ឋកិច្ច កំណើនយានយន្ត ការអភិវឌ្ឍវិស័យផ្លូវថ្នល់ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បទពិសោធន៍ល្អៗ នៃវិធានការរឹតបន្ដឹងអនុវត្តច្បាប់ និងបញ្ហាប្រឈមនានា ហើយជាពិសេស ផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី២នេះ គឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់ លើកិច្ចការទប់ស្កាត់ និងកាត់បន្ថយអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ តាមគោលដៅដែលបានកំណត់។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តល់នូវមតិយោបល់សំដៅចូលរួមបន្ថែមនូវអត្ថន័យទៅក្នុងសសរស្តម្ភទាំង៦ នៃផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ ដែលរួមមានដូចជា៖
- កំណត់អាយុកាលនៃការនាំចូលរថយន្តមួយទឹក
- ជំរុញការផ្លាស់ប្តូរផ្លាកលេខឡានដែលគ្មានQR Code
- ពង្រឹងនិតិវីធីនៃការប្រឡងយកបណ្ណបើកបរ
- ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី
- បញ្ចូលការងារកញ្ចប់ថវិកាទាក់ទងនឹងបរិក្ខាសុវត្ថិភាពចរាចរណ៍ និងបរិក្ខាត្រូវបំពាក់តាមថ្នល់ ក្នុងការលើកគម្រោងថវិកាជួសជុលស្ថាបនាផ្លូវថ្នល់ នាពេលអនាគត។
ក្នុងនោះបន្ទាប់ពីបានទទួលស្តាប់ និងពិនិត្យលើការរៀបរាប់បង្ហាញរបស់ លោកជំទាវ រដ្ឋលេខាធិការ សម្តេចក្រឡាហោម បានបង្ហាញការពេញចិត្តលើផែនការជាតិដែលបានរៀបចំ និងលើកយកមកបង្ហាញនេះ ហើយសម្តេចក៏បានចូលរួមផ្តល់នូវមតិយោបល់ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ដើម្បីឱ្យគម្រោងផែនការ កាន់តែមានអត្ថន័យគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយ ដែលមានកត្តាចម្បងៗដូចជា៖ ជំរុញការបង្កើតចំណតសាធារណៈ និងឯកជន ជាពិសេសតាមទីកន្លែងផ្តល់សេវាកម្មនានា (ភោជនីយដ្ឋាន ហាងលក់ទំនិញ…) ពិនិត្យលទ្ធភាពលើករណីកំណត់អាយុកាលនៃរថយន្តមួយទឹកសម្រាប់នាំចូល និងកំណត់អាយុកាលនៃរថយន្តដែលអនុញ្ញាតឱ្យបើកបរ ពង្រឹងសមត្ថភាពមន្ត្រីជំនាញលើការងារអនុវត្តច្បាប់ រឹតបន្តឹងការផ្ទេរក្របខណ្ឌការងារពីមន្ត្រីស៊ីវិល មកជាកងកម្លាំងសមត្ថកិច្ច និងតម្រូវឱ្យមានការធ្វើតេស្តសុខភាព ជាពិសេសតេស្តរកសារធាតុញៀន មុនពេលចូលបម្រើការងារ និងលើកកម្ពស់សមត្ថភាព និងគុណភាព ការប្រើប្រាស់ឧបករណ៍ និងបច្ចេកវិទ្យាទំនើបក្នុងការអនុវត្តច្បាប់ ដែលវានឹងចូលរួមក្នុងការកាត់បន្ថយការប្រើប្រាស់កម្លាំងមនុស្សផងដែរ៕