នាយកជាន់ខ្ពស់ក្រុមហ៊ុនឡាន ទម្លាក់ការរំពឹងទុកចំពោះការគ្រប់គ្រងទីផ្សាររបស់ឡានអគ្គិសនី

[ទីផ្សារបរទេស] ការស្ទង់មតិប្រចាំឆ្នាំដែលធ្វើឡើងដោយស្ថាប័ន KPMG បានវិភាគលើការយល់ឃើញរបស់​នាយកជាន់ខ្ពស់​ចំនួនជាង ៩០០រូបនៃ​ក្រុមហ៊ុនយានយន្ត។ នាយកជាន់ខ្ពស់ទាំងនេះជឿថារថយន្តអគ្គិសនីនឹងមានចំណែកទីផ្សារចន្លោះពី ១០% ទៅ ៤០% លើសកលលោកត្រឹមឆ្នាំ២០៣០ ជាការថយចុះពី ២០% ទៅ ៧០% ដែលពួកគេបានប៉ាន់ស្មានកន្លងមក។

សម្រាប់សហរដ្ឋអាមេរិកវិញ នាយកជាន់ខ្ពស់ទាំងនោះជឿថារថយន្តអគ្គិសនីនឹងមានចំណែក ៣៥% នៃទីផ្សាររថយន្តថ្មីត្រឹមឆ្នាំ​២០៣០ ជាការថយចុះយ៉ាងគំហុកពីការប៉ាន់ស្មានកាលពីមួយឆ្នាំមុន ដែលជឿថារថយន្តអគ្គិសនីមានចំណែក ៦៥%។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការស្ទង់មតិរបស់ KPGM បានរកឃើញថាមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ក្នុងការប៉ាន់ស្មានពីចំណែកទីផ្សាររថយន្តអគ្គិសនីនៅប្រទេសឥណ្ឌា ប្រេស៊ីល និងប្រទេសជប៉ុន។ នេះក៏ដោយសារបញ្ហាហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសឥណ្ឌា ការផ្ដោតលើថាមពលជំនួសប្រេងឥន្ធនៈនៅប្រទេសប្រេស៊ីល និងក្រុមហ៊ុនរថយន្តជប៉ុនផ្ដល់អាទិភាពលើរថយន្ត Hybrid ជាងរថយន្តអគ្គិសនី ហើយពួកគេកំពុងសាកល្បងរថយន្តដែលដើរដោយថាមពលអ៉ីដ្រូហ្សែន។

ការស្ទង់មតិបានរកឃើញថា ៨២% នៃនាយកជាន់ខ្ពស់ជឿថារយៈពេល១០ឆ្នាំខាងមុខ រថយន្តអគ្គិសនីអាចនឹងត្រូវប្រើប្រាស់​ដោយ​មិន​មានការផ្ដល់ជូនពិសេស ហើយពួកវានឹងមានតម្លៃស្មើនឹងរថយន្តម៉ាស៊ីនពីស្តុង។

បន្ថែមពីនេះពួកគេជឿថា Tesla នឹងនៅតែក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខនៅឆ្នាំ២០៣០ ប៉ុន្តែក្រុមហ៊ុនដូចជា Audi, BMW, Ford, Honda និង BYD ត្រូវបានរំពឹងថានឹងអាចកាត់បន្ថយគម្លាតដ៏ឆ្ងាយនាពេលបច្ចុប្បន្នបាន ខណៈដែលក្រុមហ៊ុន Apple ត្រូវបានគេជឿថាអាចក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំលំដាប់ទីបួននៅឆ្នាំ២០៣០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម