New York Auto Show ដែលជាកម្មវិធីតាំងបង្ហាញរថយន្តដ៏ធំមួយ ប្រព្រឹត្តទៅនាខែមេសា ឆ្នាំ ២០២០ នេះ នឹងមិនមានការចូលរួមពីសំណាក់ក្រុមហ៊ុនរថយន្តធំចំនួន ៣ របស់អាល្លឺម៉ង់នោះឡើយ រួមមាន Mercedes-Benz BMW និង Audi។
វាមិនមែនជារឿងថ្មីទេសម្រាប់សហគ្រាសរថយន្ត ដោយចាប់តាំងពី ២ ឆ្នាំមុន ម៉ាករថយន្តល្បីចាប់ផ្ដើមមានទំនោរបង្កើតកម្មវិធីផ្ទាល់ខ្លួន ជាជាងការចូលរួមកម្មវិធីតាំងបង្ហាញរថយន្ត ដោយសារហេតុផលមួយចំនួន។
ម៉ាករថយន្តភាគច្រើននាពេលនេះ គឺប្រុងប្រយ័ត្នខ្លាំងលើការចំណាយ រួមមានការចំណាយលើការផ្សព្វផ្សាយ។ កម្មវិធីតាំងបង្ហាញរថយន្តកាន់តែចំណាយអស់ច្រើនទៅៗ ខណៈដែលការផ្សព្វផ្សាយតាមអ៊ីនធឺណិតគឺចំណាយតិចជាង និងមានប្រសិទ្ធភាពខ្លាំងអាចអូសទាញអតិថិជនមានឥទ្ធិពល ហើយអាចធ្វើឡើង ២៤ ម៉ោងក្នុងមួយថ្ងៃទៀតផង។
New York Auto Show ជាធម្មតាអាចអូសទាញអ្នកចូលរួមបានជាង ១ លាននាក់ ជារៀងរាល់ឆ្នាំ។ យ៉ាងណាក្ដីដោយសារតែខ្ទង់ចំណាយខ្ពស់ ធ្វើឲ្យម៉ាករថយន្តច្រើនចាប់ផ្ដើមគិតគូរឡើងវិញពីតម្លៃនៃកម្មវិធីតាំងបង្ហាញរថយន្ត៕