អីយ៉ាស់មកហើយ! ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បើកទទួលការកក់រថយន្ត Yaris Cross សម្រាប់ទីផ្សារកម្ពុជា ដោយតម្លៃខ្ទង់ ៣ម៉ឺនដុល្លារ

[ទីផ្សារក្នុងស្រុក] ក្តៅក្តៅ! យោងតាមទំព័រផ្លូវការក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានបង្ហាញថាក្រុមហ៊ុនតូយ៉ូតាកំពុងតែនាំយករថយន្ត Crossover មួយម៉ូឌែលទៀតមកកាន់ទីផ្សារកម្ពុជា ជាមួយការបើកទទួលការកក់ទុកមុននៃរថយន្ត All New Toyota Yaris Cross ឆ្នាំ២០២៤ សម្រាប់ទីផ្សារប្រទេសកម្ពុជា ជាមួយតម្លៃខ្ទង់ ៣ម៉ឺនដុល្លារ។

ទាក់ទងទៅនឹងរថយន្ត All New Toyota Yaris Cross កាលពីពេលកន្លងទៅនេះ ខេមបូអូតូ ក៏ធ្លាប់បានធ្វើការចេញផ្សាយនូវព័ត៌មាននៃរថយន្តនេះផងដែរ ដែលជារថយន្ត Crossover ម៉ូឌែលថ្មី ដែលទើបតែបង្ហាញខ្លួនដំបូងកាលពីថ្មីៗនេះនៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាមួយការទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
រូបភាពនៃបង្ហាញខ្លួននៅទីផ្សារប្រទេសឥណ្ឌូនេស៊ី

ចំពោះលក្ខណ:បច្ចេកទេសមួយចំនួននៃរថយន្តនេះវិញគឺត្រូវបានផលិតឡើងដោយប្រើប្រាស់នៅគ្រោងឆ្អឹង DNGA platform ដែលមានប្រវែងសរុប ៤ ៣១០ មីលីម៉ែត្រ, ទទឹង ១ ៧៧០ មីលីម៉ែត្រ, កម្ពស់ ១ ៦១៥ មីលីម៉ែត្រ, ប្រវែងគម្លាតកង់មុខក្រោយ ២ ៦២០  មីលីម៉ែត្រ និងកម្ពស់ពីបាតដី ២១០ មីលីម៉ែត្រ។

ចំណែកឯម៉ាស៊ីន រថយន្ត The All-New Toyota Yaris Cross ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង ប្រភេទ Dual VVT-I អាចផលិតកម្លាំងបាន ១០៥ សេះ និងកម្លាំងរមួល ១៣៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ CVT ៥វគ្គ។

ការរចនានៃរថយន្តថ្មីនេះគឺផ្តោតទៅលើភាពស៊ីវីល័យ និងទាន់សម័យ ជាមួយការបំពាក់នូវប៉ាណាមួយផ្ទាំងធំ អមដោយសំណុះចង្កៀង LED និងប្រើប្រាស់នូវថាសកង់ទំហំកង់ ១៨ អ៉ីញ។

សំរាប់ផ្នែកខាងក្នុងវិញមានការរចនាតាប្លូស្លីមស្រោបដោយស្បែកទន់ផ្តល់នូវលក្ខណះស្ព័រ និង ប្រណិតភាព បន្ថែមជាមួយភ្លើងលំអនៅលើដៃទ្វារក៏ដូចជាកុងសូល (Console) កណ្តាលដ៏ស្រស់ស្អាត, កុងទ័រឌីជីថលទំហំ ៧ អ៉ីញ និងអេក្រង់កំសាន្តទំហំ ១០,១ អ៉ីញ ដែលអាចប្រើប្រាស់នូវមុខងារ Apple Carplay & Android Auto ដោយ​មិនចាំបាច់ប្រើខ្សែរ។

យ៉ាងណាមិញសម្រាប់ព័ត៌មានបន្ថែម បងប្អូនអាចទំនាក់ទំនងសាកសួរក្រុមហ៊ុនដោយផ្ទាល់បានតាមរយៈទំព័រ Facebook: Toyota Cambodia និងទីស្នាក់ការលក់គ្រប់សាខារបស់តូយ៉ូតាផងដែរ។

ក្នុងនោះ បើក្រឡេកមើលរថយន្តដែលកំពុងទទួលបាននូវការចាប់អារម្មណ៍មួយនេះកំពុងត្រៀមមកកាន់ទីផ្សារកម្ពុជា យើងឃើញថាក៏មានម៉ូឌែលមួយម៉ូឌែលទៀតផងដែរ គឺរថយន្ត Toyota Agya ដែលជារថយន្តប្រភេទ A-Hatchback ដែលទទួលបាននូវការគាំទ្រខ្លាំងផងដែរនៅលើទីផ្សារប្រទេសឥណ្ឌូនេស៊ីផងដែរ ដូច្នេះតើអាចដែរទេថារថយន្តមួយម៉ូឌែលនេះក៏នឹងមានវត្តមាននៅកម្ពុជាក្នុងពេលឆាប់ៗដូចគ្នាដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម