ឡានអគ្គិសនីសុទ្ធ Volvo EX30 ប្រភេទ SUV ខ្នាតតូច សាកភ្លើងពេញជិះបាន ៤៤២ គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Volvo EX30 ប្រភេទ SUV ខ្នាតតូចដែលប្រើថាមពលអគ្គីសនីសុទ្ធ និងជាម៉ូដែលអគ្គិសនីទី៤ របស់ក្រុមហ៊ុន ជាមួយតម្លៃលក់ចាប់ពី ៣៤ ៩៥០ ដុល្លារ សម្រាប់នៅទីផ្សារសហរដ្ឋអាមេរិក និងតម្លៃ ៣៦ ០០០ ដុល្លារសម្រាប់ទីផ្សារតំបន់អឺរ៉ុប ។

រថយន្តនេះ ផលិតនៅលើគ្រោងឆ្អឹងដូចទៅនឹងម៉ូដែល EX90 គឺគ្រោងឆ្អឹង SPA2 platform មានប្រវែងតួខ្លួនសរុប ៤ ២៣៣ ម.ម ទទឹង ១ ៨៣៧ ម.ម កំពស់ ១ ៥៥៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៥០ ម.ម ។ សម្រាប់ការរចនារបស់រថយន្តអគ្គិសនីសុទ្ធ Volvo EX30 ដែលមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយដូចគ្នាទៅនឹងម៉ូដែល EX90 ប្រើប្រាស់នៅថាសកង់ស្ព័រទំហំជម្រើស ១៨ អ៉ីញ ដល់ ២០ អ៉ីញជាដើម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានរចនាឡើងផ្តោតទៅលើសុវត្ថិភាព និងបង្កើតការបំភាយឧស្ម័នទាបបំផុត ហើយបានមកជាមួយបចេ្ចកវិទ្យាជាច្រើន ដោយនៅលើតាឡូបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay/Android Auto ក៏ដូចជាប្រព័ន្ធ Built-in Google បច្ចេកវិទ្យា Qualcomm Technologies និងឧបករណ៍បំពងសំឡេងដ៏ប្រណិតម៉ាក Harman Kardon ។ លើសពីនេះ នៅផ្នែកខាងក្នុងត្រូវបានតុបតែងដោយផ្លាស្ទិកយកមកកែច្នៃឡើងវិញដល់ទៅ ១៧% ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ មានជម្រើសម៉ូទ័រ ២ ប្រភេទសម្រាប់ទីផ្សារសហរដ្ឋអាមេរិករួមមាន៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៦៨ សេស និងកម្លាំងរមួល ៣៤៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ផ្គួបជាមួយអាគុយទំហំ ៥៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣២១ គីឡូម៉ែត្រ និងអាគុយទំហំ ៦៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤២២ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង
  • ម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងបាន ៤២២ សេស និងកម្លាំងរមួល ៥៤៣ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងរយះពេល ៣,៤ វិនាទី ភ្ជាប់ដោយប្រអប់លេខអូតូ ផ្កួបជាមួយអាគុយទំហំ ៦៤ គីឡូវ៉ាត់ម៉ោង អាចបើកបានចម្ងាយ ៤២៦ គីឡូម៉ែត្រក្នុងការសាកថ្មម្តង និងមាន Top speed ១៨០ គីឡូម៉ែត្រ/ម៉ោង ។

ខណះ នៅតំបន់អឺរ៉ុបរថយន្តនេះ ទទួលបានម៉ូទ័រអគ្គិសនីចំនួន១ មានកម្លាំង ២៦៨ សេស ផ្កួបជាមួយអាគុយទំហំ ៤៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣២១ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន DC អាចសាកពី ០-៨០% ត្រឹមរយះពេល ២៦ នាទីប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម