[បរទេស] យោងទៅតាមគេហទំព័រ Motor1 បានឲ្យដឹងថា រថយន្តស៊េរីថ្មីសរុបចំនួន ៤៣ ម៉ូដែលត្រូវបានបង្ហាញដោយក្រុមហ៊ុនផលិតរថយន្តទូទាំងពិភពលោកនៅក្នុងត្រីមាសទីពីរ ឆ្នាំ២០២៣ ចំនួននេះរាប់បញ្ចូលតែរថយន្តស៊េរីបន្តបន្ទាប់ ឬរថយន្តថ្មីទាំងស្រុង ហើយមិនរាប់បញ្ចូលរថយន្តដែលត្រូវបានកែមុខមាត់ថ្មីទេ។
ក្នុងនោះ រថយន្តរបស់ប្រទេសចិនមានចំនួនជិតពាក់កណ្តាលនៃការចុះបញ្ជីរថយន្តស៊េរីថ្មីនៅក្នុងត្រីមាសទី ២ ដោយមានរថយន្តសរុបចំនួន ១៩ ម៉ូដែល ត្រូវបានដាក់បង្ហាញនៅក្នុងអំឡុងខែមេសាដល់ខែមិថុនា។ ខណះទីផ្សារអឺរ៉ុបបានដាក់បង្ហាញរថយន្តស៊េរីថ្មីសរុបចំនួន ៩ ម៉ូដែល និងជប៉ុនចំនួន ៥ម៉ូដែលផងដែរ។
ក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេរបស់ពិភពលោក Toyota បានបង្ហាញរថយន្តម៉ូដែលថ្មីសរុបចំនួន ៧ ក្នុងត្រីមាសទីពីរ ចាប់ពីខែមេសា ដល់ ខែមិថុនា មានដូចជា ភីកអាប់ Tacoma ជំនាន់ទី ៤ សម្រាប់ទីផ្សារអាមេរិកខាងជើង និង Yaris Cross សម្រាប់ទីផ្សារអាស៊ីអាគ្នេយ៍, Lexus LM minivan សម្រាប់ទីផ្សារអាស៊ី និងអឺរ៉ុប និងរថយន្ត Toyota Alphard ជំនាន់ទី៤ MPV ខ្នាតធំ ដែលទើបនឹងចេញថ្មី ក៏ជាម៉ូដែលមួយក្នុងចំណោមរថយន្តស៊េរីថ្មីដែលត្រូវបានដាក់បង្ហាញដោយក្រុមហ៊ុន Toyota ក្នុងត្រីមាសទីពីរផងដែរ។
ក្រុមហ៊ុន General Motors គឺជាក្រុមហ៊ុនរថយន្តលំដាប់ទីពីរនៅទូទាំងពិភពលោកបន្ទាប់ពីក្រុមហ៊ុន Toyota នៅពេលដែលខ្លួនបានបញ្ចេញរថយន្តស៊េរីថ្មីចំនួន ៥ ម៉ូដែលនៅក្នុងត្រីមាសទីពីរ។ ខណះ Geely មកពីប្រទេសចិនបានជាប់ចំណាត់ថ្នាក់លេខ ៣ ជាមួយនឹងការចេញលក់រថយន្តសរុបចំនួន ៤ ម៉ូដែលនៅចន្លោះខែមេសាដល់ខែមិថុនា។
សរុបមក ក្រុមហ៊ុនផលិតរថយន្តនៅទូទាំងពិភពលោក បានដាក់លក់រថយន្តប្រភេទ SUV ចំនួន ២៥ គ្រឿង ក្នុងនោះ ១៣ គ្រឿងមកពីប្រទេសចិន ៤ គ្រឿងមកពីអឺរ៉ុប ៣ គ្រឿងនៅឥណ្ឌា ៣ គ្រឿងនៅជប៉ុន និង ១ ម៉ូដែលនៅទីផ្សារអាមេរិក និងឥណ្ឌូនេស៊ី។