Chevrolet Traverse ស៊េរីឆ្នាំ ២០២៤ ទទួលបានការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Chevrolet Traverse ស៊េរីឆ្នាំ ២០២៤ ប្រភេទ SUV  មាន ៤ ម៉ូដែលសម្រាប់ជ្រើសរើស ទទួលបានការអាប់ឌេតសំខាន់ៗដូចជា ប្រព័ន្ធសុវត្ថិភាព ក៏ដូចជាធ្វើឲ្យប្រសើរឡើងនៅការបើកបរលើផ្លូវលំបាកៗ ឬ Off-Road គ្រោងនឹងចេញលក់នៅឆ្នាំក្រោយ ។

លើសពីនេះទៀត Chevrolet Traverse ត្រូវបានរចនាឡើងវិញទាំងស្រុងដែលផ្តល់នៅរូបរាងអំនាច និងហាប់ណែនជាងមុន ដោយមានប៉ាណារាងជាសំណាញ់ថ្មី ចង្កៀងមុខ LED អំពូលបំភ្លឺពេលថ្ងៃ LED ដាច់ដោយឡែក កាងខាងមុខរឹងមាំ ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញ ស្រោបដោយសំបកប្រភេទ Off-Road ចង្កៀងក្រោយ LED រាងអក្សរ Y និងបំពង់ស៊ីមាំងបែបស្ព័រដែលត្រូវបានរចនាឡើងយ៉ាងពិសេស ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកខាងក្នុង កាប៊ីនអាចជ្រើសរើសបានពី ៧ ទៅ ៨ កៅអី ភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១១ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៧,៧ អ៉ីញរួមបញ្ចូលគ្នាជាអេក្រង់ភ្លោះជាដើម ។ លក្ខណៈពិសេសផ្សេងទៀតរួមមាន កៅអីជួរទី ២ ជាប្រភេទ captain seat អាចលៃតម្រូវតាមេយៈថាមពលអគ្គិសនី កន្លែងសាកថ្មឥតប្រើខ្សែរ និងផ្ទុកបានដល់ ២ ៧៦៤ លីត្រ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ិនវិញ គ្រប់ម៉ូដែលទាំងអស់ដំណើរការដោយម៉ាស៊ីនចំណុះ ២,៥ លីត្រ turbocharged អាចផលិតកម្លាំងបាន ៣១៥ សេះ និងកម្លាំងរមួល ៤៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ  ប្រភេទបើកបរប៉ុង ២ all-wheel drive មានសមត្ថិភាពអូសសណ្តោងបានដល់ ២២៦៨ គីឡូក្រាម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម