[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការចេញលក់ជាផ្លូវការនៅរថយន្ត Geely Geeme Panda Knight ប្រើប្រាស់អគ្គិសនីសុទ្ធខ្នាតតូច ជាមួយតម្លៃលក់ចាប់ពី ៧៣៩២ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។
Geely Geeme Panda Knight គឺជារថយន្តអគ្គិសនីខ្នាតតូច ឬ MINI EV ដែលត្រូវបានផលិតឡើងពីម៉ូដែល Panda Mini EV មានប្រវែងតួខ្លួនសរុប ៣ ១៣៤ ម.ម ទទឹង ១ ៥៦៥ ម.ម, កម្ពស់ ១ ៦៥៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ០១៥ ម.ម។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ ដែលមានលក្ខណះមើលទៅហាប់ណែន ឌីស្សាញបែប Off-Road ដោយនៅផ្នែកខាងមុខមានប៉ាណាពណ៌ខ្មៅជាប់សងខាងដោយចង្កៀងបំភ្លឺផ្លូវរាងមូល ព្រមប្រើប្រាស់នៅថាសកង់ alloy wheels ទំហំ ១៤ អ៉ីញ និងមានរបាំងការពារមួយជុំរថយន្តផងដែរ ។
ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៩,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៉ីញ អាចភ្ជាប់ Bluetooth ជាដើម ។ លក្ខណះពិសេសផ្សេងទៀតរួមមាន ប្រព័ន្ធម៉ាស៊ីនត្រជាក់បែបឌីជីថល និងមានទំហំអាចផ្ទុកបាន ៨០០ លីត្រ ។
ទាក់ទងនឹងថាមពលវិញ រថយន្តនេះ បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន មានកម្លាំង ៤០ សេះ និងកម្លាំង ១១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៧,០៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន DC ទំហំ ២២ គីឡូវ៉ាត់ អាចសាកបានពី ៣០-៨០% ប្រើរយៈពេល ៣០ នាទីប៉ុណ្ណោះ ៕