ឡានអគ្គិសនីសុទ្ធ Geely Jiyue 01 សាកភ្លើងម្តងជិះបាន ៦៦០ គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Geely-Baidu បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Geely Jiyue 01 មាន ២ ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ៣៤ ១០០ ដុល្លារ ដល់ ៣៦ ៥០០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង SEA architecture របស់ Geely មានប្រវែងតួខ្លួនសរុប ៤ ៨៥៣ ម.ម ទទឹង ១ ៩៩០ ម.ម កំពស់ ១ ៦១១ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ។ សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានបំពាក់ប៉ាណាមុខចបិទជិត ចង្កៀងមុខ LED រាងអក្សរ និងអំពូលបំភ្លឺពេលថ្ងៃអូសកាត់ពេញផ្ទៃខាងមុខ ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ២១ អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប្លូមានបំពាក់អេក្រង់ទំហំ ៣៥,៦ អ៉ីញ កម្រិត 6K ដែលរួមបញ្ចូលនៅកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ក៏ដូចជាប្រព័ន្ធបញ្ជាដោយសំឡេងជាដើម។

ទាក់ទងទៅនឹងផ្នែកថាមពលវិញ រថយន្តនេះ ទទួលបានជម្រើសថាមពលចំនួន ២ រួមមាន ៖

  • បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២៦៨ សេះ និងកម្លាំងរមួល ៣៤៣ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៧១,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង
  • បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៥៣៦ សេះ និងកម្លាំងរមួល ៦៨៦ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៦០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ដោយអាគុយទាំង ២ នេះ គាទ្រដោយឆ្នាំងសាកល្ឡឿនលឿន អាចសាកពី ៣០-៨០% ប្រើរយៈពេល ៣០ នាទី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម