ជួបជាមួយនឹងវិបសាយរថយន្ត Autoblog កាលពីថ្មីៗនេះ អនុប្រធានផ្នែកទីផ្សារនិងយុទ្ធសាស្ត្រផលិតផល Volkswagen លោក Hein Schafer បាននិយាយថា ទោះបីជារថយន្តភីកអាប់ Altas Tanoak Concept ទទួលបានការចាប់អារម្មណ៍ខ្លាំងពេលបង្ហាញមុខកាលពីជិតពីរឆ្នាំមុន ក៏ឱកាសនៃការផលិតលក់លើទីផ្សារមានស្ដួចស្ដើងមែនទែន។
ហេតុផលចម្បងដែលលោក Schafer លើកឡើងគឺ វាអាចនឹងចំណាយពេលយូរ និងថវិកាច្រើន ក្នុងការកែប្រែរថយន្ត Atlas ទៅជារថយន្តភីកអាប់ ហើយទោះបីជាវាអាចទៅរួចក៏ផលិតផលសម្រេចចុងក្រោយនឹងមិនមានសមត្ថភាពដូចនឹងរថយន្តភីកអាប់ដទៃទៀត។ ទីពីរគឺ VW ជឿជាក់ថាអ្វីដែលធ្វើទៅបានជាមួយរថយន្តភីកអាប់ដែលយកលំនាំតាមរថយន្ត Atlas គឺបង្កើតគូប្រជែងរបស់ Honda Ridgeline ប៉ុន្តែវាមិនសមទំនង ដោយសារចំនួនលក់នៃរថយន្ត Ridgeline មានតិចតួច។
យ៉ាងណាក្ដីលោក Schafer បានបន្ថែមថាវាអាចទៅរួចដែលថា VW អាចបង្កើតរថយន្តភីកអាប់ថ្មីមួយសម្រាប់អាមេរិក គឺប្រហែលជាផលិតផលសម្រេចនៃរថយន្ត Tarok Concept ដែលបង្ហាញកាលពីឆ្នាំមុន៕