[ទីផ្សារសកល] កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុនផលិតរថយន្ត FAW-Volkswagen បានប្រកាសដាក់លក់ជាផ្លូវការនូវរថយន្ត Volkswagen Talagon ប្រភេទរថយន្ត SUV ស៊េរីថ្មីរបស់ខ្លួន មាន ១២ជម្រើស ជាមួយនឹងតម្លៃចន្លោះពី ៣៦,១០០ដុល្លារ ទៅ ៤៩,៩០០ដុល្លារ ក្នុងទីផ្សារសកល។
រថយន្តថ្មីនេះជារថយន្តប្រភេទ SUV ៧កៅអី ដែលផ្តោតលើលក្ខណៈគ្រួសារហើយមានប្រវែងតួខ្លួនសរុប ៥,១៥២ ម.ម ទទឹង ២,០០២ ម.ម កំពស់ ១,៧៩៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៩៨០ ម.ម ដែលដំណើរការដោយម៉ាស៊ីនសាំុងបីប្រភេទផ្សេងគ្នារួមមាន៖
- ម៉ាស៊ីនសាំុងចំណុះ ២,០លីត្រ អាចផលិតកម្លាំងសរុបបានចំនួន ១៨៣សេះ និងកម្លាំងរមួល ៣២០ញ៉ូតុនម៉ែត្រ។
- ម៉ាស៊ីនសាំុងចំណុះ ២,០លីត្រ អាចផលិតកម្លាំងសរុបបានចំនួន ២១៧សេះ និងកម្លាំងរមួល ៣៥០ញ៉ូតុនម៉ែត្រ។
- ម៉ាស៊ីនសាំុងចំណុះ ២,៥លីត្រ V6 អាចផលិតកម្លាំងសរុបបានចំនួន ២៩៥សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ។
គួរឲដឹងផងដែរថាជម្រើសម៉ាសុីនទាំងអស់ត្រូវបានភ្ជាប់ប្រអប់លេខអូតូ ៧វគ្គ ជាស្តង់ដារ និងជម្រើសប៉ុងពីរ 4WD ជាជម្រើស ដែលអាចរត់ពី ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោងចំណាយពេល ១០.៨វិនាទី, ៩,២ វិនាទី និង ៨,២ វិនាទី។
សម្រាប់ការរចនាផ្នែកខាងក្នុងកាប៊ីនវិញ មានបំពាក់អេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២អ៊ីញ និងទទួលបានគ្រឿងសម្ភារៈធ្វើពីស្បែកនិងក្រណាត់, ភ្លើង DRLs ៣០ពណ៌, ប្រព័ន្ធសំឡេង Harman Kardon Speaker ១២ចំណុច, មុខងារកំដៅដៃចង្កូត និងមុខងារជំនួយការបើកបរកម្រិតខ្ពស់ជាច្រើនរួមមាន electric cruise control, adaptive cruise control, autosection braking, lane keep assist, driver fatigue monitoring, parking assist, rear traffic warning និង blind spot monitoring ជាដើម៕