[បរទេស] យោងតាមគេហទំព័រសារព័ត៌មានរបស់ជប៉ុនមានឈ្មោះថា NHK បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Honda ប្រចាំនៅទីផ្សារប្រទេសថៃ កំពុងរៀបចំកាត់បន្ថយសមត្ថភាពផលិតកម្មនជាង ៥០% នៅឆ្នាំ ២០២៥ ដោយសារការកែសម្រួលយុទ្ធសាស្រ្តដើម្បីដោះស្រាយជាមួយនឹងដៃគូប្រកួតប្រជែងមកពីប្រទេសចិន។
ក្នុងនោះ ប្រព័ន្ធផ្សព្វផ្សាយក៏បានរាយការណ៍ផងដែរថា Honda បានចាប់ផ្តើមផលិតរថយន្តនៅក្នុងប្រទេសថៃក្នុងឆ្នាំ ១៩៩២ ហើយមានបរិមាណផលិតកម្មខ្ពស់បំផុត ២៧០ ០០០ គ្រឿងក្នុងឆ្នាំ ២០១៣ មុនពេលតួលេខនេះបានធ្លាក់ចុះមកត្រឹមតែ ១៤០ ០០០ គ្រឿងប៉ុណ្ណោះក្នុងឆ្នាំ ២០២៣។
ទោះបីជាក្រុមហ៊ុនផលិតរថយន្តជប៉ុននៅតែមានចំនួន ៨០% នៃការលក់នៅក្នុងប្រទេសថៃក៏ដោយ ក៏រថយន្ត EV របស់ចិន ជាពិសេសក្រុមហ៊ុនផលិតរថយន្តធំៗដូចជា BYD ក៏កំពុងដណ្តើមចំណែកទីផ្សារពីក្រុមហ៊ុនផលិតរថយន្តជប៉ុនផងដែរ ៕