[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Tata បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលថ្មី Tata Curvv ស៊េរីឆ្នាំ ២០២៤ ផ្តល់ជូនទាំងជម្រើសម៉ាស៊ីនចំហេះក្នុង និងអគ្គិសនីសុទ្ធ គ្រោងនឹងចេញលក់ជាផ្លូវការនៅដើមខែសីហា ឆ្នាំ ២០២៤ ក្នុងទីផ្សារប្រទេសឥណ្ឌា មានតម្លៃខ្ទង់ ២៣ ៩០៥ ដុល្លារឡើងទៅ ។
Tata Curvv ផលិតឡើងនៅលើគ្រោងឆ្អឹង Tata Gen 2 architecture អាចប្រើប្រាស់ម៉ាស៊ីនដូចគ្នាទៅនឹងរថយន្ត Tata Nexon គឺម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ និងម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៥ លីត្រ ខណៈម៉ូដែលអគ្គិសនីសុទ្ធ រំពឹងថាផ្តល់ជម្រើសអាគុយដែលអាចបើកបរបានចម្ងាយ ៥០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។
ការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ទៅលើម៉ូដែលថ្មីនេះ រួមមានចង្កៀងមុខ Full-LED បានរចនាឡើងវិញ ខណៈភាពខុសគ្នារវាងម៉ូដែលចំហេះក្នុង និងអគ្គិសនីសុទ្ធ គឺប៉ាណាមុខ កន្លែងសាកថ្ម រួមទាំងឡូហ្គោអក្សរ EV ។
ចំពោះនៅផ្នែកខាងក្នុង ក្រុមហ៊ុនផលិតរបស់ប្រទេសឥណ្ឌានេះមិនទាន់បង្ហាញរូបភាពនៅឡើយទេ ប៉ុន្តែយោងយាមគេទំព័រ AutoCar India បានឲ្យដឹងថា នៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ៕