ការពីពេលថ្មីៗនេះ ក្រុមហ៊ុន CATL បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវអាគុយ EV ថ្មីរបស់ខ្លួនបង្កើតឡើងជាពិសេសដែលមានឈ្មោះថា Tianxing-B សម្រាប់បំពាក់នៅក្នុងឡានក្រុងអគ្គិសនី។
ចំពោះអាគុយ EV ថ្មីនេះ ត្រូវបានប្រកាសដាក់បង្ហាញនៅក្នុងអំឡុងពេលសន្និសីទអនឡាញនៅល្ងាចថ្ងៃសុក្រ។
ក្រុមហ៊ុនមួយនេះបាននិយាយអះអាងថា អាគុយ Tianxing-B (Tectrans B) មានដង់ស៊ីតេថាមពល ១៧៥វ៉ាត់.ម៉ោង/គីឡូក្រាម ដែលជាដង់ស៊ីតេថាមពលមួយដ៏ខ្ពស់បំផុតនៅក្នុងឧស្សាហកម្មរថយន្តក្រុង។ លើសពីនេះទៅទៀតអាគុយ Tianxing-B នឹងមានអាយុកាលប្រើប្រាស់រហូតដល់ទៅ ១៥ឆ្នាំ ឫ ១,៥លានគីឡូម៉ែត្រ ហើយវានឹងទទទួលបានការធានារយៈពេល ១០ឆ្នាំ ឬ ១លានគីឡូម៉ែត្រ។
សម្រាប់អាគុយ Tianxing-B (Tectrans B) ក៏ទទួលបាននូវការបំពាក់នូវអាវក្រោះការពារទឹក IP69 ផងដែរ ដែលអាចស្ថិតនៅក្រោមទឹកបានរហូតដល់ទៅ ៧២ម៉ោង។
ក្នុងនោះក្រុមហ៊ុន CATL គ្រោងនឹងដាក់ពង្រាយអាគុយ Tianxing-B ថ្មីនេះលើរថយន្តក្រុងចំនួន ៨០ម៉ូដែលផ្សេងៗគ្នា រួមជាមួយដៃគូអតិថិជនរបស់ពួកគេចំនួន ១៣ក្រុមហ៊ុន រួមមាន Dongfeng, Golden Dragon និង Yutong Bus។ ចំណែកការផលិតអាគុយ Tianxing-B នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ នៅក្នុងប្រទេសចិន។
គួរឲដឹងថា ក្រុមហ៊ុន CATL មានចំណែកទីផ្សារជិត ៥០ភាគរយ ក្នុងការលក់អាគុយ EV ក្នុងឆ្នាំ២០២៤ នេះ (ខែមករា ដល់ខែសីហា) នៅក្នុងប្រទេសចិន។ ហើយអាគុយ EV របស់ពួកគេបានបំពាក់នៅលើរថយន្តក្រុងអគ្គិសនីជាង ៣៨៥ ០០០ គ្រឿងនៅទូទាំងពិភពលោក៕