កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Chery Malaysia បានប្រកាសថា រោងចក្រផលិតរថយន្ត Inokom ក្នុងទីក្រុង Kulim, Kedah នឹងត្រូវប្រើប្រាស់សម្រាប់ដំឡើងរថយន្ត Chery Omoda E5 ដើម្បីកាត់បន្ថយការចំណាយក្នុងការនាំចូលរថយន្ត ក៏ដូចជាបង្កើតការងារសម្រាប់ប្រជាជននៅក្នុងតំបន់។
គួរឲដឹងថា រថយន្ត Chery Omoda E5 ត្រូវបានប្រកាសចេញលក់នៅក្នុងទីផ្សារប្រទេសម៉ាឡេសុីនៅក្នុងខែមិនា ឆ្នាំនេះ ក្នុងនាមជារថយន្ត EV ដំបូងរបស់ក្រុមហ៊ុន Chery នៅក្នុងប្រទេសម៉ាឡេស៊ី ជាមួយតម្លៃលក់បច្ចុប្បន្នខ្ទង់ ៣មុឺនដុល្លារ។
សម្រាប់រថយន្ត Chery Omoda E5 ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងបានចំនួន ២០៤ សេះ និងកម្លាំងរមួល ៣៤០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦១គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៣០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងអាចជាន់ស្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេលខ្ទង់ ៧,៦វិនាទី គាំទ្រការសាកថ្ម DC អាចបញ្ចូលថ្មពី ៣០ ទៅ ៨០ភាគរយ ក្នុងរយៈពេលត្រឹមតែ ២៨ នាទី ប៉ុណ្ណោះ។ ក្នុងនោះរថយន្តនេះគាំទ្រមុខងារ Vehicle-to-Load (V2L) ដែលអាចផ្ដល់ថាមពល ៣,៣គីឡូវ៉ាត់ សម្រាប់ប្រើប្រាស់ផ្សេងៗ។
ក្នុងសេចក្តីថ្លែងការណ៍ លោក Leo Chen ប្រធានក្រុមហ៊ុន Chery Auto Malaysia បាននិយាយថា “ការដំឡើងរថយន្តនៅក្នុងស្រុកនេះ នឹងធ្វើឲតម្លៃលក់កាន់តែមានភាពប្រកួតប្រជែង ព្រមទាំងជួយបង្កើតការងារក្នុងស្រុកផងដែរ”៕