[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត BYD Xia ប្រភេទ MPV PHEV ៧កៅអី ថ្មី ជាមួយតម្លៃលក់ចាប់់ពី ៤០ ១០០ ដុល្លារ ដល់ ៤៨ ៤០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ហើយគ្រោងចេញលក់ជាផ្លូវការនៅដើមឆ្នាំ២០២៥ ខាងមុខនេះ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ១៤៥ ម.ម ទទឹង ១ ៩៧០ ម.ម កម្ពស់ ១ ៨០៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០៤៥ ម.ម ដំណើរការដោយម៉ាសុីនកូនកាត់ Hybrid ជំនាន់ទី៥ ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ១,៥លីត្រ Turbocharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបានចំនួន ១៥៤សេះ និងម៉ូទ័រអគ្គិសនី ១ ទំហំ ២៦៨សេះ ផ្គួបជាមួយជម្រើសអាគុយទំហំ ៣៨ និង ២០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៤៥ និង ៨០ គីឡូម៉ែត្រ ដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ និងមានកម្រិតសុីប្រេង ៦,៥លីត្រ/១០០គ.ម និងគាំទ្រការសាកថ្មល្បឿនលឿនដូចរថយន្ត GAC Trumpchi E9 ។ លើសពីនេះទៅទៀត រថយន្តនេះ នឹងទទួលបានប្រព័ន្ធជើងក្រោមប្រភេទ iSus-C electromagnetic system និងប្រព័ន្ធ adjustable softness។
ចំពោះការឌីស្សាញនៅផ្នែកខាងក្រៅ មានភាពទាន់សម័យដែលមានបំពាក់ជាមួយប៉ាណាទំហំធំ បែបអំណាច អបដោយចង្កៀងមុខ LED រាងស្លីម និងចង្កៀងក្រោយអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ប្រភេទ LED ព្រមទាំងប្រើប្រាស់នូវដៃទ្វារប្រភេទ flush-door និងទ្វាររូតបើក-បិទស្វ័យប្រវត្តិ និងថាសកង់ស្ព័រទំហំ ១៨អ៊ីញ។
សម្រាប់នៅផ្នែកខាងក្នុងវិញ ភ្ជាប់មកជាមួយអេក្រង់ចំនួន៣ នៅលើតាប៊្លូរួមមានអេក្រង់កុងទ័រឌីជីថល អេក្រង់បញ្ជា touchsreen និងអេក្រង់កម្សាន្តសម្រាប់អ្នកដំណើរខាងមុខ ដំណើរការដោយប្រព័ន្ធ DiPilot ADAS system និងប្រព័ន្ធ DiLink 150 cockpit system ក៏ដូចជា កៅអីម៉ាស្សា-ចុច-កម្តៅ-ត្រជាក់ កន្លែងសាកថ្មឥតខ្សែ និងទូរទឹកកកកជាដើម៕