[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត GAC AION បានធ្វើការប្រកាសបើកទទួលការកក់ជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ GAC Aion UT ដៃគូប្រកួតប្រជែងថ្មីរបស់រថយន្តអគ្គិសនី BYD Seagull និង Wuling Bingo ហើយគ្រោងប្រកាសចេញលក់ជាផ្លូវការនៅក្នុងខែកុម្ភៈ ក្នុងឆ្នាំ២០២៥ ខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ១៣ ៧៥០ ដុល្លារ។
រថយន្តអគ្គិសនីសុទ្ធ GAC Aion UT មានប្រវែងតួខ្លួនសរុប ៤ ២៧០ ម.ម ទទឹង ១ ៨៥០ ម.ម កម្ពស់ ១ ៥៧៥ ម.ម ទម្ងន់ ១ ៥៤០ គ.ក និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង ១ FWD អាចផលិតកម្លាំងបានចំនួន ១៣៤ សេះ ផ្គួបជាមួយអាគុយអាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង និងមានល្បឿនអតិបរមា ១៥០គ.ម/ម៉ោង។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ដោយអេក្រង់កុងទ័រព៌ត័មានឌីជីថលទំហំតូច និងអេក្រង់កម្សាន្ត touchscreen ទំហំធំ ក៏ដូចជាកន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធ ADAS ដ៏ឆ្លាតវៃជាច្រើនមុខងារផងដែរ៕