BYD ប្រកាសគ្រោងដាក់លក់ Atto2 នៅអឺរ៉ុបក្នុងឆ្នាំក្រោយ សាកថ្មម្តងអាចបើកបរបាន ៣១១ គីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត BYD Atto2 ឫ BYD Yuan Pro ស៊េរីឆ្នាំ២០២៥ ប្រភេទ Crossover អគ្គិសនីសុទ្ធ ហើយគ្រោងនឹងប្រកាសចេញលក់នៅក្នុងទីផ្សារចក្រភពអង់គ្លេសនៅដើមឆ្នាំ២០២៥ ខាងមុខនេះ ខណៈតម្លៃខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។

BYD Atto2 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e-platform 3.0 ដំណើរការម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ FWD អាចផលិតកម្លាំងបាន ១៧៤ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៤២,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣១១ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៣១០ ម.ម ទទឹង ១ ៨៣០ ម.ម កម្ពស់ ១ ៦៧៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦២០ ម.ម។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានការរចនាជាលក្ខណៈជាជ្រុង ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ LED ឌីស្សាញថ្មី ក៏ដូចជាថាសកង់ស្ព័រទំហំ ១៧អ៊ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានការរចនាជាមួយពណ៌​ខ្មៅ និងពណ៌ត្នោត​ខ្ចីបញ្ជូលគ្នា កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨ អ៊ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៊ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ កៅអីស្បែក ដំបូលកញ្ចក់ Panoramic sunroof ប៊ូតុងមួយចំនួននៅលើដៃចង្កូត និងកុងសូល និងប្រព័ន្ធ ADAS ផ្សេងៗជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម