ក្រុមហ៊ុន Mazda ត្រូវបានគេរាយការណ៌ថា កំពុងតែបង្កើតរថយន្ត EV ជាលើកដំបូងរបស់ខ្លួន។ ក្នុងនោះ រថយន្ត EV ថ្មីរបស់ Mazda នេះ នឹងផលិតនៅក្នុងប្រទេសជប៉ុនផ្ទាល់តែម្តង ដោយផ្អែកលើគ្រោងឆ្អឹងថ្មីរបស់ពួកគេ។
ជាមួយគ្នានេះ ក្រុមហ៊ុន Mazda បានបង្ហាញកាលពីថ្ងៃចន្ទថា ពួកគេនឹងសាងសង់រោងចក្រផលិតម៉ូឌុល និងកញ្ចប់ថ្ម EV ថ្មីមួយនៅក្នុងប្រទេសជប៉ុន ដោយពួកគេនឹងប្រើប្រាស់កោសិកាថ្មលីចូម-អ៊ីយ៉ុងរបស់ក្រុមហ៊ុន Panasonic Energy សម្រាប់ផលិត និងមានសមត្ថភាពរហូតដល់ ១០ជីហ្គាវ៉ាត់ម៉ោង ប្រចាំឆ្នាំ។
គួរឲដឹងថា ក្រុមហ៊ុន Mazda បាននិយាយថា ពួកគេកំពុងរៀបចំយុទ្ធសាស្ត្រថ្មី មានវិធីសាស្រ្ត ៣ដំណាក់កាលរហូតដល់ឆ្នាំ២០៣០ ដែលដំណាក់កាលទី១ អំពាវនាវឱ្យមានការប្រើប្រាស់នូវបច្ចេកវិទ្យាដែលមានស្រាប់ ចំណែកដំណាក់កាលទី២ Mazda នឹងណែនាំប្រព័ន្ធកូនកាត់ថ្មី និងរថយន្ត EV នៅក្នុងប្រទេសចិន និងដំណាក់កាលទី៣ គឺផលិតរថយន្ត EV ចែកចាយរថយន្ត EV និងថ្ម EV របស់ពួកគេទាំងស្រុង។ ខណៈនៅឆ្នាំ២០៣០ Mazda រំពឹងថា ការប្រើប្រាស់រថយន្ត EV នឹងមានចំនួនពី ២៥ភាគរយ ទៅ ៤០ភាគរយ នៅទូទាំងពិភពលោក៕