ក្រោយពីបានបង្ហាញមុខរថយន្ត P7 កាលពីឆ្នាំមុនរួចមក នាពេលនេះក្រុមហ៊ុន Xpeng Motors បានចាប់ផ្ដើមបើកទទួលការកុម្ម៉ង់ទិញសម្រាប់រថយន្ត Sedan អគ្គិសនី ដែលជាគូប្រជែងរបស់ Tesla Model S មួយនេះ។
ក្រុមហ៊ុន Xpeng មិនបានបង្ហាញលម្អិតអំពីលក្ខណៈសម្បត្តិរបស់រថយន្ត P7 នោះទេ ប៉ុន្តែគេដឹងថាវាមានបំពាក់អាគុយទំហំ ៨០,៩ គីឡូវ៉ាត់ម៉ោង ដែលប្រើប្រព័ន្ធបើកបរវិលកង់មុខ ឬវិលកង់ទាំងអស់។ រថយន្តនេះអាចជិះបានចម្ងាយ ៥៦៨ គ.ម ពេលសាកមួយពេញ ហើយវាក៏មានប្រភេទ Super-Long Range ដែលជិះបានចម្ងាយដល់ ៧០៦ គ.ម។
ពេលអស់ថាមពល រថយន្ត P7 អាចសាកពី ៣០% ដល់ ៨០% ប្រើពេលប្រមាណ ២៨នាទីប៉ុណ្ណោះ។ រថយន្តនេះក៏មានសមត្ថភាពផ្ដល់ការបើកបរចម្ងាយ ១២០ គ.ម ពេលសាករយៈពេល ១០នាទី។
ខណៈដែលប្រព័ន្ធម៉ាស៊ីនគួរឲ្យចាប់អារម្មណ៍នោះ អ្វីដែលគេចាប់អារម្មណ៍ខ្លាំងគឺប្រព័ន្ធបើកបរស្វ័យប្រវត្តិ Level 3។ រថយន្តនេះប្រើប្រាស់ប្រព័ន្ធឈ្មោះ XPILOT 3.0 ដែលប្រើកាមេរ៉ាចំនួន ១៤, Sensor Ultrasonic ចំនួន ១២ និងរ៉ាដាចាប់រលកសញ្ញា ដែលអាចផ្ដល់ព័ត៌មានលម្អិតជុំវិញរថយន្តបានយ៉ាងល្អ។ ប្រព័ន្ធ XPILOT 3.0 អាចឲ្យ P7 បើកទៅមុខដោយខ្លួនឯងក្រោមស្ថានភាពណាមួយ ហើយវាអាចចូលចតដោយខ្លួនឯងផងដែរ។
P7 បច្ចុប្បន្ននេះមានបើកទទួលការកុម្ម៉ង់ទិញនៅចិន ដែលការដឹកជញ្ជូនឲ្យអតិថិជនដំបូងអាចនឹងចាប់ផ្ដើមនាខែមិថុនា។ តម្លៃរបស់វាមានចាប់ពីប្រមាណ ៣២ ៤៤២ដុល្លារ ដល់ ៤៧ ៩៦៥ដុល្លារ៕