BMW គ្រោងប្រកាសចេញលក់ X3 ជម្រើសតួវែងផលិតនៅប្រទេសចិននៅចុងខែកុម្ភៈនេះ

ក្រុមហ៊ុនផលិតរថយន្ត BMW-Brilliance បានប្រកាសជាផ្លូវការថា រថយន្ត BMW X3 ជម្រើសតួវែងផលិតនៅប្រទេសចិន ដោយមានប្រវែង ៩០ ម.ម វែងជាង X3 ស្តង់ដាររបស់ទីផ្សារពិភពលោក នឹងចេញលក់នៅចុងខែកុម្ភៈនេះ ខណៈតម្លៃមិនត្រូវបានបង្ហាញនៅឡើយទេ។

ចំពោះរថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨៦៥ ម.ម ទទឹង ១ ៩២០ ម.ម កម្ពស់ ១ ៦៦៤ និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៧៥ ម.ម ពោលគឺមានប្រវែងគម្លាតកង់មុខ-ក្រោយស្មើនឹង BMW X5។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងនឹងផ្នែកម៉ាសុីន BMW X3 ដំណើរការដោយម៉ាស៊ីន ២,០ លីត្រ turbocharged អាចផលិតកម្លាំងបាន ២៥៥ សេះ ភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ ZF ចំនួន ៨ វគ្គ និងប្រព័ន្ធបើកបរប៉ុង ២ (xDrive 4WD)។ គួរបញ្ជាក់ផងដែរថា ទាំងម៉ាស៊ីន និងប្រអប់លេខរបស់ X3 ត្រូវបានផលិតនៅក្នុងប្រទេសចិន។

សម្រាប់ការរចនាផ្នែកខាងក្រៅ មានការរចនាជាមួយភាសារចនាចុងក្រោយបង្អស់របស់ BMW ពោលគឺមានផ្នែកខាងមុខធំ និងភ្លឺចែងចាំង អមជាមួយទ្វារដៃប្រភេទ flush door handles និងប្រើប្រាស់នូវចង្កៀងក្រោយរាងអក្សរ X ។

ចំណែកផ្នែកខាងក្នុងវិញ រថយន្តនេះ ទទួលបានអេក្រង់កោងទំហំ ១៤,៩ អ៊ីញ កន្លែងសាកថ្មទូរស័ព្ទឥតខ្សែ ដំបូល sunroof ទំហំធំ ភ្លើងលម្អដ៏ទំនើប រួមជាមួយនឹងប្រព័ន្ធ ADAS ឆ្លាតវៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម