
[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Xpeng បានធ្វើការប្រកាសដាក់លក់ជាផ្លូវការនូវរថយន្ត Xpeng G6 ប្រភេទ SUV អគ្គិសនីសុទ្ធ សេរ៊ីឆ្នាំ២០២៥ ជាមួយតម្លៃលក់ចាប់ពី ២៤ ៤០០ ដុល្លារ ដល់ ២៧ ៥០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
Xpeng G6 មានប្រវែងតួខ្លួនសរុប ៤ ៧៥៣ ម.ម ទទឹង ១ ៩២០ ម.ម កម្ពស់ ១ ៦៥០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៩០ ម.ម ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ១ ប៉ុង ១ RWD ផលិតកម្លាំងបាន ២៩២ សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយ អាចបើកបរបានចម្ងាយ ៦២៥ និង ៧៥៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងអាចបើកបរបានចម្ងាយ ៤៥០ គីឡូម៉ែត្រ គ្រាន់តែសាកត្រឹម ១០ នាទី ប៉ុណ្ណោះ។
សម្រាប់ការរចនាផ្នែកខាងក្រៅ ទទួលបានការផ្លាស់ប្តូរផ្នែកទៅលើចង្កៀងមុខ LED អូសកាត់វែងមួយឆ្នូតឲ្យឈ្មោះថា Galaxy Light Wing មានប្រវែង ១ ៩៤២ ម.ម ខណៈឡូហ្គោ Xpeng ប្តូរមកដាក់នៅលើគម្របម៉ាស៊ីន ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រថ្មីប្រភេទ alloy-wheels ទំហំចាប់ពី ១៨ អ៊ីញ ដល់ ២០ អ៊ីញ។
ចំពោះនៅផ្នែកខាងក្នុង ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ថ្មី មានទំហំ ១៥,៦ អ៊ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់បើកប្រភេទ Panoramic glass roof រួមទាំងប្រព័ន្ធបច្ចេកវិទ្យា Turing AI intelligent driving system ៕