
បន្ទាប់ពីលេចឮនូវដំណឹងជាច្រើន ពេលនេះ ក្រុមហ៊ុន Apple បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវ Apple CarPlay Ultra ដែលជាបច្ចេកវិទ្យាថ្មីរបស់ខ្លួននៅក្នុងប្រព័ន្ធព័ត៌មានកម្សាន្តសម្រាប់រថយន្តហើយ។
Apple CarPlay Ultra ត្រូវបានរចនាឡើងដើម្បីផ្ដល់បទពិសោធន៍ប្រើប្រាស់ខ្ពស់ជាងមុន ដោយវាអាចបង្ហាញព័ត៌មានមិនត្រឹមតែនៅលើអេក្រង់កម្សាន្តកណ្តាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមាននៅលើអេក្រង់ឌីជីថល និងផ្នែកផ្សេងៗនៃរថយន្តទៀតផង។
ក្នុងនោះ បច្ចេកវិទ្យាថ្មីនេះ គឺវាអាចបង្ហាញនូវទិន្នន័យសំខាន់ៗរបស់រថយន្តដូចជាសម្ពាធសំបកកង់ កម្រិតប្រេង និងស្ថានភាពជំនួយអ្នកបើកបរជាដើម។ មិនត្រឹមតែប៉ុណ្ណោះនោះទេ វាក៏អាចកែប្រែផ្ទាំងបង្ហាញ ឬពណ៌ផ្សេងៗដើម្បីឲ្យសមស្របនឹងចំណង់ចំណូលចិត្តរបស់អ្នកប្រើផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ Apple CarPlay Ultra ទើបតែអាចប្រើបាននៅលើរថយន្ត Aston Martin ដែលមានលក់នៅក្នុងទីផ្សារសហរដ្ឋអាមេរិក និងកាណាដា ប៉ុណ្ណោះ ប៉ុន្តែ Apple ក៏បានបញ្ជាក់ផងដែរថា ក្នុងពេលនេះ ពួកគេក៏កំពុងចាប់ផ្តើមធ្វើការជាមួយក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតដូចជា Hyundai, Kia និង Genesis ដើម្បីពង្រីកនូវការចូលប្រើ CarPlay Ultra នៅក្នុងពេលអនាគតផងដែរ៕