លូយកប់! Ford ចាប់ដៃ Volkswagen ដាក់បង្ហាញឡានអគ្គិសនី Ford Explorer EV ជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford និង Volkswagen សហការគ្នាក្នុងការផលិតរថយន្តរថយន្តអគ្គិសនី Ford Explorer EV ស៊េរីថ្មីដែលផ្អែកលើស្ថាបត្យកម្ម MEB architecture របស់ក្រុមហ៊ុន VW បានបង្ហាញខ្លួនជាផ្លូវការ គ្រោងនឹងបានដាក់លក់នៅទីផ្សារអឺរ៉ុបឆាប់ៗនេះ។

ផ្នែកខាងក្រៅមានសភាពដូចទៅនឹងរថយន្ត VW ID ដោយមានការរចនាដ៏ទាក់ទាញ ជាមួយប៉ាណាមុខដែលបិទជិតជាប់ជាមួយសំណុំចង្កៀង LED រាងអក្សរ L និងឡូហ្គោ Ford ប្រើប្រាស់នៅថាសកង់ស្ព័រទំហំចាប់ពី ១៩ អ៉ីញ ដល់ ២១ អ៉ីញ និងចង្កៀងក្រោយ LED រាង​អក្សរ C  ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងកាប៊ីន ពោរពេញទៅបច្ចេកវិទ្យាជាច្រើន បំពាក់ដៃចង្កូតរាងស្វែរ កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen បញ្ឈរទំហំ ១៤,៦ អ៉ីញអាចលៃតម្រូវបាន ៣ ទីតាំង ភ្ជាប់មុខងារប្រតិបត្តិការ SYNC Move គាំទ្រមុខងារ Apple CarPlay និង Android Auto ។ ចំនុចពិសេសផ្សេងទៀតរួមមាន កន្លែងសាកថ្មឥតខ្សែរ ប្រព័ន្ធម៉ាស៊ីនត្រជាក់ ២ តំបន់ និងភ្លើងលម្អ ១០ ពណ៌ជាដើម ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនរបស់រថយន្ត Ford Explorer បើយោងតាមគេហទំព័រ Auto Express និយាយថា  Explorer បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ ផ្គួបជាមួយអាគុយទំហំ​ ៥២ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបាន ១៦៨ សេះ អាចបើកបរបានចម្ងាយ ៣៥១ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ។

ជម្រើសផ្សេងទៀតរួមមានម៉ូទ័រអគ្គិសនីចំនួន ១ ដែលមានកម្លាំង ២២៨ សេះ ភ្ជាប់ជាមួយអាគុយទំហំ ៧៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៣៩ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ។  ខណៈពេលដែលម៉ូដែលលឿនបំផុតគឺប្រភេទ Dual-motor AWD version ដែលមានកម្លាំង ៣៣៥ សេះ អាចបើកបរបានចម្ងាយ ៤៩១ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ។ មិនត្រឹមតែប៉ុណ្ណោះ ជាលើកដំបូងដែលបានរួមបញ្ចូលនៅប្រព័ន្ធជំនួយអ្នកបើកបរ ADAS កម្រិតខ្ពស់នៅក្នុង Ford Europe ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម