Xpeng Mona M03 Max សាកថ្មម្តងជិះបានជិត ៦០០ គីឡូម៉ែត្រ តម្លៃខ្ទង់ ២មុឺនដុល្លារ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Xpeng បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Mona M03 Max ស៊េរីឆ្នាំ ២០២៥ ប្រភេទម៉ូដែលខ្ពស់ជាងគេ ជាមួយតម្លៃលក់ចាប់ពី ២១ ៥០០ ដុល្លារ នៅទីផ្សារប្រទេសចិន ។

រថយន្តនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង SEPA 2.0 architecture ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៤ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦២,២ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៥៨០ គីឡូម៉ែត្រ គាំទ្រដោយការសាកថ្មល្បឿនលឿន អាចសាកបានពី ៣០-៨០% ប្រើរយៈពេល ២៦នាទី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងផ្នែកខាងក្រៅ Mona M03 Max មានភ្ជាប់មកជាមួយប្រព័ន្ធកាមេរ៉ា ៧ទីតាំង និងប្រព័ន្ធចាប់សញ្ញា LiDAR រួមទាំងឈីប NVIDIA Orin-X chips ចំនួន ២ ដែលជំនួយទៅដល់ប្រព័ន្ធបើកបរស្វ័យប្រវតិ្ត ។ សម្រាប់ការឌីស្សាញ ស្រដៀងគ្នាម៉ូដែលធម្មតា មានលក្ខណៈបែបស្ព័រ ដោយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED រចនាជារាងអក្សរ T ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានឌីស្សាញបែប Minimalistic មានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ សម្រាប់បញ្ជាមុខងារទូទៅ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ Panoramic Glass-roof ប្រវែង ១,២ម៉ែត្រ អាចការពារពន្លឺ UV បានដល់ ៩៩,៩% និងបានបញ្ចូលនៅប្រព័ន្ធជំនួយការអ្នកបើកបរ Xpeng Ai Driving Assistance system ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម