
ក្រុមហ៊ុន Hyundai Motor Group និងសាជីវកម្មអាកាសយានដ្ឋានអន្តរជាតិ Incheon (IIAC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយុទ្ធសាស្ត្រមួយ ដើម្បីដាក់ឲ្យដំណើរការ រ៉ូបូតសាកថ្មយានយន្តអគ្គិសនី (EV) ដោយស្វ័យប្រវត្តិ Automatic charging robot (ACR) ដំណើរការដោយបញា្ញ សិប្បនិម្មិត (AI) នៅព្រលានយន្តហោះ Incheon ជាផ្នែកមួយនៃគម្រោងសាកល្បង។
ដើម្បីសម្រេចគោលដៅនេះ ក្រុមហ៊ុន Hyundai Motor Group បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាកាសយានដ្ឋានអន្តរជាតិ Incheon ។ ពិធីចុះហត្ថលេខានេះមានការចូលរួមពីលោក Heui Won Yang ប្រធាន និងប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) របស់ក្រុមហ៊ុន Hyundai Motor Group លោក Hag Jae Lee ប្រធាន និងនាយកប្រតិបត្តិសាជីវកម្មអាកាសយានដ្ឋានអន្តរជាតិ Incheon រួមទាំងមន្ត្រីផ្សេងទៀតពីភាគីទាំងពីរ។
កិច្ចសហការនេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការជំរុញផ្នែកបច្ចេកវិទ្យាសាកថ្មរថយន្ដអគ្គិសនី ឲ្យកាន់តែទំនើប។ ជាមួយគ្នានេះ ក្រុមហ៊ុន Hyundai Motor Group មានបំណងផ្តល់ជូននូវបទពិសោធន៍ការសាកថ្មរថយន្ដអគ្គិសនីឲ្យកាន់តែមានភាពងាយស្រួល និងប្រសើរឡើង។
តាមរយៈគម្រោងនេះ ក្រុមហ៊ុន Hyundai Motor Group និងអាកាសយានដ្ឋានអន្តរជាតិ Incheon ធ្លាប់បានទទួលវិញ្ញាបនបត្រ (KC) កាលពីឆ្នាំមុន ដោយបញ្ជាក់ពីស្ថិរភាព និងគុណភាពររបស់រ៉ូបូតសាកថ្មស្វ័យប្រវត្តិ។ បន្ថែមពីនេះរ៉ូបូតនេះក៏ទទួលវិញ្ញាបនបត្រ (CE) ដោយបំពេញតាមតម្រូវការសុវត្ថិភាពមូលដ្ឋានរបស់សហភាពអឺរ៉ុប ដែលធានាការប្រើប្រាស់កាន់តែមានសុវត្ថិភាពសម្រាប់អតិថិជន។
ដៃគូទាំងពីរគ្រោងនឹងពន្លឿន សេវាកម្មសាកថ្មរថយន្ដអគ្គិសនី ដោយស្វ័យប្រវត្តិទៅកាន់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងស្រុក និងអន្តរជាតិផ្សេងៗដូចជា៖ ព្រលានយន្តហោះ, កំពង់ផែ និងផ្លូវដែកជាដើម។
ក្រុមហ៊ុនមួយនេះបានក្លាយជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនដំបូងគេបង្អស់នៅលើពិភពលោក ដែលផ្តល់ជូននូវជម្រើសប្រព័ន្ធមនុស្សយន្តសាកថ្មរថយន្ដអគ្គិសនី ដោយស្វ័យប្រវត្តិ ដំណើរការដោយ AI ។ បច្ចេកវិទ្យាស្រដៀងគ្នាទៅនឹងអ្វីដែលក្រុមហ៊ុន Tesla បានដាក់បង្ហាញកាលពី ១០ឆ្នាំមុន។ បច្ចេកវិទ្យារបស់ Hyundai ធ្វើអ្វីៗគ្រប់យ៉ាងដោយស្វ័យប្រវត្តិ ចាប់ពីការចាប់យកក្បាលឆ្នាំងសាកថ្មពីកន្លែងសាក រហូតដល់ការបើករន្ធសាកថ្មនៅលើរថយន្តអគ្គិសនីនិងដោតខ្សែសាកថ្ម DC fast charger ចូល៕