
ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេនៅក្នុងប្រទេសចិន បានប្រកាសឲដឹងហើយថា ចាប់តាំងពីប្រកាសចេញលក់មក រថយន្តអគ្គិសនីខ្នាតតូចរបស់ពួកគេគឺ BYD Seagull ទទួលបាននូវចំនួនលក់លើសពី ១ លានគ្រឿង ហើយ នេះបើយោងតាមទិន្នន័យចាប់តាំងពីប្រកាសចេញលក់មករហូតដល់សប្ដាហ៍ដំបូងនៃខែមិថុនា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា រថយន្ត BYD Seagull គឺត្រូវបានចាប់ផ្តើមផលិតឡើងនៅក្នុងខែមេសា ឆ្នាំ ២០២៣ ហើយប្រកាសដាក់លក់នៅដើមខែឧសភា នៅក្នុងប្រទេសចិន មានតម្លៃខ្ទង់ ៧៣ ៨០០ យន់ ឬ ១០ ២៧០ ដុល្លារ ហើយបច្ចុប្បន្ននេះបានធ្លាក់ចុះមកនៅត្រឹមតែ ៦៣ ៨០០ យន់ ឬប្រហែល ៨ ៨៨០ ដុល្លារ ប៉ុណ្ណោះ។
ជាមួយគ្នានេះ ចំនួននៃការលក់រថយន្ត BYD Seagull នេះ ក៏បានរួមចំណែកចំនួន ១៣% ដល់ការលក់រថយន្តទាំងអស់របស់ BYD ផងដែរ។ គួរឲដឹងថា បើទោះបីជារថយន្តមួយម៉ូឌែលនេះមានទំហំតូចក៏ដោយ ក៏វាទទួលបាននូវលក្ខណៈពិសេសៗមួយចំនួនផងដែរ មានដូចជា អាចបើកបរបានចម្ងាយខ្ទង់ ៤០៥គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង បំពាក់នូវបច្ចេកវិទ្យាឈីប Nvidia Drive Orin សម្រាប់ជំនួយដល់ការបើកបរ និងភ្ជាប់មកជាមួយនូវប្រព័ន្ធ ADAS ជាច្រើនមុខងារផងដែរ។ ខណៈពេលបច្ចុប្បន្ននេះ វាគឺត្រូវបានដាក់លក់នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោកហើយ៕