រោងចក្រ​ផលិតថ្ម​លីចូម​ឥណ្ឌូណេស៊ី-ចិន​ នឹង​បើកដំណើរការ​នៅ​ចុង​ឆ្នាំ​២០២៦

ក្នុងគោលបំណងជម្រុញការអភិវឌ្ឍន៍វិស័យឧស្សាហកម្មរថយន្តអគ្គិសនី (EV) នៅក្នុងប្រទេសខ្លួន ពេលនេះ រដ្ឋាភិបាលរបស់ប្រទេសឥណ្ឌូនេស៊ីបានចូលរួមសហការគ្នាជាមួយក្រុមហ៊ុនបច្ចេកវិទ្យាផលិតអាគុយរថយន្ត EV របស់ប្រទេសចិនហើយ ដែលគម្រោងនេះនឹងសាងសង់រោងចក្រផលិតអាគុយ (lithium-ion battery) ដ៏ធំមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

ក្នុងនោះ បើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងថាមពលរបស់ប្រទេសឥណ្ឌូនេស៊ីផ្ទាល់ គឺលោកស្រី Dwi Anggia បានឲ្យដឹងថា គម្រោងនេះ គឺជាការរួមបញ្ចូលគ្នារវាងក្រុមហ៊ុន Indonesia Battery Corporation និងក្រុមហ៊ុន Contemporary Amperex Technology Co. Limited (CATL) របស់ប្រទេសចិន ហើយវាគឺជាជំហានដ៏សំខាន់មួយដែលនឹងនាំឲ្យប្រទេសឥណ្ឌូនេស៊ីក្លាយទៅជាប្រទេសដែលមានឥទ្ធិពលបំផុតសម្រាប់ការផលិតរបស់រថយន្ត EV នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះរោងចក្រផលិតអាគុយនេះ នឹងចាប់ផ្ដើមដំណើរការនៅចុងឆ្នាំ ២០២៦ ខាងមុខ ដោយមានសមត្ថភាពផលិតក្នុងដំណាក់កាលដំបូងប្រហែល ៦,៩ GWh ហើយនឹងត្រូវផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក និងក្រៅស្រុក បន្ទាប់មកនឹងពង្រីកសមត្ថភាពផលិតដល់ ១៥ GWh នៅក្នុងពេលអនាគត។

ជាមួយគ្នានេះ រោងចក្រផលិតអាគុយនេះ មិនត្រឹមតែផលិតថ្មសម្រាប់រថយន្តអគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងត្រូវប្រើប្រាស់សម្រាប់ផលិតថ្មដែលអាចស្តុកទុកថាមពលអគ្គិសនីពីបន្ទះសូឡាផងដែរ ប៉ុន្តែត្រូវសិក្សាជាមុនសិន ហើយអាចនឹងពង្រីកសមត្ថភាពផលិតដល់ ៤០ GWh នៅពេលដែលការសិក្សា និងការអនុម័តបានសម្រេចដោយជោគជ័យ។

គួរបញ្ជាក់ថា រោងចក្រនេះ គឺមានទីតាំងស្ថិតនៅក្នុងតំបន់ West Java ហើយវាគឺជាផ្នែកមួយនៃការវិនិយោគចំនួន ៦ ពាន់លានដុល្លារ ដែលបានចុះហត្ថលេខាជាផ្លូវការនៅក្នុងឆ្នាំ ២០២២ របស់ប្រទេសឥណ្ឌូនេស៊ីដែលបានដាក់គោលដៅផលិតរថយន្តអគ្គិសនីចំនួន ៦០០ ០០០ គ្រឿង ក្នុងឆ្នាំ ២០៣០ ដែលចំនួននេះគឺលើសពី ១៣ ដង នៃចំនួនរថយន្ត EV ដែលបានលក់នៅក្នុងប្រទេសក្នុងឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ គម្រោងនេះមិនត្រឹមតែជួយអភិវឌ្ឍសេដ្ឋកិច្ចប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏ថែមទាំងជាជំហានមួយដែលជួយជំរុញឲប្រទេសឥណ្ឌូនេស៊ីក្លាយជាប្រទេសដែលមានការអភិវឌ្ឈន៍ថាមពលបៃតងបានច្រើនជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម