
យោងតាមរបាយការណ៍បឋម BYD បានលក់រថយន្តលក្ខណៈគ្រួសារបានចំនួន ៣៤១ ០៣០ គ្រឿង នៅក្នុងខែកក្កដា វាធ្លាក់ចុះ ៩.៧% ធៀបនឹងខែមិថុនា។ នេះគឺជាការធ្លាក់ចុះនៃការលក់ប្រចាំខែលើកដំបូងក្នុងរយៈពេលប្រាំមួយខែចុងក្រោយ។ ប៉ុន្តែបើធៀបនឹងខែដដែល (កក្ដដា) កាលពីឆ្នាំមុនចំនួននៃការលក់ក្នុងខែកក្ដដា ឆ្នាំនេះមានការកើនឡើងត្រឹមតែ ០.១% ប៉ុណ្ណោះ។
ការធ្លាក់ចុះនៃការលក់ក្នុងប្រចាំខែកក្កដានេះបណ្តាលមកពីការថយចុះនៃការលក់រថយន្តប្រភេទ Plug-in Hybrid (PHEV) ដែលបានធ្លាក់ចុះជាលើកទីបួនជាប់ៗគ្នា ហើយការធ្លាក់ចុះនេះស្ទើរតែទ្វេដងបើធៀបនឹងខែមិថុនា ដោយមានការថយចុះដល់ ២២.៦% ធៀបនឹងឆ្នាំមុន។
BYD បានលក់រថយន្ត PHEV បានចំនួន ១៦៣ ១៤៣ គ្រឿង ធ្លាក់ចុះ ៤.៥% ធៀបនឹងខែមិថុនា និងធ្លាក់ចុះ ២២.៦% ធៀបនឹងខែកក្កដា ឆ្នាំ ២០២៤។ ការធ្លាក់ចុះប្រចាំឆ្នាំនៃការលក់រថយន្ត PHEV កំពុងមានធ្លាក់ចុះយ៉ាងខ្លាំង ដោយកាលពីខែមេសា វាធ្លាក់ចុះត្រឹមតែ ០.៤% ខែឧសភា ៦.៣% និងខែមិថុនា ១២.៥%។
ក្រុមហ៊ុនផលិតរថយន្តដែលមានមូលដ្ឋាននៅទីក្រុង Shenzhen មួយនេះបានលក់រថយន្ត BEV (អគ្គិសនីសុទ្ធ) បាន ចំនួន ១៧៧ ៨៨៧ គ្រឿង ធ្លាក់ចុះ ១៤% ធៀបនឹងខែមិថុនា ប៉ុន្តែបានកើនឡើង ៣៦.៨% ធៀបនឹងខែដដែលកាលពីឆ្នាំមុន។ នេះគឺជាការធ្លាក់ចុះប្រចាំខែលើកដំបូងក្នុងរយៈពេលប្រាំខែចុងក្រោយចាប់តាំងពីខែកុម្ភៈមក។ ក្រុមហ៊ុនេះបាននាំចេញរថយន្តបាន ៨០ ៧៣៧ គ្រឿង ដែលជាការធ្លាក់ចុះ ១០.៣% ធៀបនឹងខែមិថុនា ប៉ុន្តែកើនឡើង ១៦៩% ធៀបនឹងខែដដែលកាលពីឆ្នាំមុន។ នេះគឺជាការធ្លាក់ចុះប្រចាំខែលើកដំបូងក្នុងរយៈពេលប្រាំបីខែចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៤ មក។
សរុបមក BYD បានលក់រថយន្តបាន ៣៤៤,២៩៦ គ្រឿង នៅទូទាំងពិភពលោកក្នុងខែកក្កដា រួមទាំងរថយន្តដឹកអ្នកដំណើរ និងរថយន្តពាណិជ្ជកម្មផងដែរ។ ម៉ាកយីហោសំខាន់របស់ BYD បានលក់រថយន្តបាន ៣១៥,១៣៦ គ្រឿង ដែលជាការធ្លាក់ចុះ ១៦.៥% ពីខែមិថុនា ប៉ុន្តែបានកើនឡើង ៥.៤% បើធៀបនឹងខែដដែលកាលពីឆ្នាំមុន៕