
ក្រុមហ៊ុន Geely បានប្រកាសដាក់លក់ជាផ្លូវការនូវរថយន្ត Lynk & Co 10 EM-P ប្រភេទ plug-in hybrid ជាមួយតម្លៃចាប់ពី មានចាប់ពី ១៦៣ ៨០០ ដល់ ២០១ ៨០០ យ័ន (ស្មើនឹង ២២ ៨០០ ដល់ ២៨ ០០០ ដុល្លារ)។ រថយន្ដ Lynk & Co 10 EM-P ផ្ដល់មកជាមួយជម្រើស៤ម៉ូឌែលក្នុងនោះរួមមាន៖ 120 AWD Ultra, 240 AWD Ultra, និង 240 AWD Ultra Sport និង 120 AWD Halo។ រថយន្តនេះត្រូវបានរចនាឡើងតាមរចនាបថ “The Next Day” របស់យីហោនេះ។ សម្រាប់ទំហំរូបរាងខាងក្រៅវាមានប្រវែងតួសរុប ៥ ០៥០មម ទទឹង ១ ៩៦៦មម កម្ពស់ ១ ៤៨៧មម និងប្រវែងគម្លាតកង់មុខក្រោយ ៣ ០៥៥មម។
ជាមួយការរចនាគិតគូដល់ប្រព័ន្ធលំហូរខ្យល់ (aerodynamic) វាបានធ្វើឲ្យរថយន្តមានមេគុណកម្លាំងកកិតជាមួយខ្យល់ត្រឹមតែ ០.២១៩ Cd ប៉ុណ្ណោះ។ នៅផ្នែកខាងក្រោយ រថយន្តនេះមានបំពាក់អំពូលភ្លើងក្រោយដែលលាតសន្ធឹងពេញមួយផ្ទាំង ដែលជារចនាបថពេញនិយមនាពេលបច្ចុប្បន្ន។
នៅផ្នែកខាងក្នុង រថយន្តនេះបានបំពាក់មកជាមួយកុងទ័រ LCD ទំហំ ១២.៦អុីញ, អេក្រង់កម្សាន្ដទំហំ ១៥.៤ អុីញ ដំណើរការដោយប្រព័ន្ធ infotainment ជំនាន់ថ្មី Lynk Flyme Auto ដែលប្រើបន្ទះឈីប Qualcomm Snapdragon 8295។ វាគាំទ្រជម្រើសតភ្ជាប់ទូរស័ព្ទចល័តជាច្រើនរួមមាន៖ ICCOA1.6, HiCar, និង CarPlay។
រថយន្ត Lynk & Co 10 EM-P ត្រូវបានផលិតឡើងនៅលើស្ថាបត្យកម្មថាមពលថ្មី CMA Evo ហើយដំណើរការដោយប្រព័ន្ធ plug-in hybrid ហៅថា EM-P។ ប្រព័ន្ធនេះដំណើរការរួមបញ្ចូលគ្នានូវម៉ាស៊ីន hybrid 1.5 រួមបញ្ចូលជាមួយនឹងប្រព័ន្ធ DHT Evo hybrid electric drive អាចផលិតកម្លាំងបា ៣៩០គីឡូវ៉ាត់ (៥២៣ សេះ) និងកម្លាំងបង្វិលអតិបរមា ៧៥៥ញូតុនម៉ែត្រ។ រថយន្តនេះមានបំពាក់ប្រព័ន្ធបូម double wishbone នៅខាងមុខ និង five-link independent នៅខាងក្រោយ ព្រមទាំងមានប្រព័ន្ធបើកបរកង់បួនទាំង៤ (AWD) ជាស្តង់ដារសម្រាប់គ្រប់ម៉ូឌែលទាំងអស់៕