
ក្រុមហ៊ុន Xpeng បានបង្ហើបឲ្យដឹងថា ខ្លួនកំពុងបង្កើនល្បឿននៃការអភិវឌ្ឍទីផ្សាររបស់ខ្លួននៅតំបន់អឺរ៉ុប ដោយបានបង្កើតភាពជាដៃគូជាផ្លូវការជាមួយក្រុមហ៊ុនផ្តល់សេកវាកម្មចល័តនៅអឺរ៉ុបគឺ Hedin Group ដើម្បីដាក់លក់រថយន្ត Xpeng G6 និង G9 ឆ្នាំ២០២៥ នៅក្នុងប្រទេសស្វីស ហើយក៏មានគម្រោងនាំយករថយន្ត P7+ នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៦។
បន្ទាប់ពីការចាប់ផ្តើមយុទ្ធសាស្ត្រទិផ្សារនៅតំបន់អឺរ៉ុបរបស់ខ្លួនជាមួយប្រទេស ន័រវេស ជាទីផ្សារនៅតំបន់អុឺរ៉ុបដំបូងក្នុងឆ្នាំ២០២១ ក្រុមហ៊ុន Xpeng បានពង្រីកវត្តមានជាសកលរបស់ខ្លួនជាបន្តបន្ទាប់។ រហូតមកដល់បច្ចុប្បន្ន បណ្តាញលក់ និងសេវាកម្មរបស់ក្រុមហ៊ុនបានគ្របដណ្តប់លើប្រទេស និងតំបន់ជាង ៤៦ នៅទូទាំងពិភពលោក។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន Xpeng បានប្រកាសថា ខ្លួននឹងចូលទីផ្សារ អូទ្រីស ជាផ្លូវការនៅខែតុលា ឆ្នាំ២០២៥។ នៅប្រទេសអូទ្រីស ក្រុមហ៊ុន Xpeng នឹងបន្តប្រើប្រាស់ គំរូអ្នកចែកចាយដែលធ្លាប់ទទួលបានជោគជ័យនៅក្នុងប្រទេសអាល្លឺម៉ង់រួចមកហើយ។ សម្រាប់ទីតាំងដាក់លក់ដំបូងនឹងគ្របដណ្តប់ទីក្រុងសំខាន់ៗ រួមមាន ទីក្រុង Vienna Salzburg Graz និង Klagenfurt ដោយមានផែនការពង្រីកដល់ ១០ ទីតាំង នៅចុងឆ្នាំ២០២៥ និង ២០ ទីតាំង នៅឆ្នាំ២០២៦។
លើសពីនេះ ក្រុមហ៊ុន Xpeng នឹងចូលទីផ្សារប្រទេស ហុងគ្រី ស្លូវេនី និង ក្រូអាស៊ី ក្នុងពេលដំណាលគ្នា ដោយបន្តពង្រីកវត្តមានទីផ្សារអឺរ៉ុបរបស់ខ្លួន។ កិច្ចសហការបណ្ដាក់ទុនរួមគ្នារវាង AutoWallis Group និង Salvador Caetano Group នឹងគ្រប់គ្រងប្រតិបត្តិការនៅក្នុងប្រទេសទាំងបីនេះ។
ការពង្រីកខ្លួននេះកើតឡើងស្របពេលជាមួយនឹងភាពជាដៃគូផលិតកម្មដែលក្រុមហ៊ុន Xpeng ទើបតែប្រកាសជាមួយរោងចក្រ Magna នៅទីក្រុង Graz ប្រទេសអូទ្រីស។ កិច្ចសហការនេះនឹងអនុញ្ញាតឱ្យមានការ ផលិតរថយន្ត Xpeng នៅតាមមូលដ្ឋាន ជួយក្រុមហ៊ុនចៀសវាងពន្ធនាំចូលរបស់សហភាពអឺរ៉ុប ខណៈពេលដែលបង្កើតវត្តមានដ៏រឹងមាំនៅក្នុងទ្វីបអឺរ៉ុប។ ម៉ូឌែលដំបូងដែលត្រូវផលិតនៅរោងចក្រ Graz គឺ G6 និង G9 ដែលគ្រោងនឹងចាប់ផ្តើមផលិតនៅក្នុងត្រីមាសទីបី។
នៅឆមាសទីមួយនៃឆ្នាំ២០២៥ ក្រុមហ៊ុន Xpeng បានលក់រថយន្តបានជាង ៨ ០០០ គ្រឿង នៅអឺរ៉ុប ហើយក្រុមហ៊ុនក៏ទើបតែបានបើកមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) នៅអឺរ៉ុបដំបូងរបស់ខ្លួននៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ដែលនឹងគាំទ្រដល់ការអភិវឌ្ឍម៉ូឌែលបន្ថែមសម្រាប់ផលិតកម្មអឺរ៉ុប រួមមានរថយន្ត Sedan និង SUV៕