
ហ្វ្រាំងដៃ (Handbrake) ឬហៅម្យ៉ាងទៀតថា ហ្វ្រាំងគ្រាអាសន្ន គឺជាប្រព័ន្ធហ្វ្រាំងដាច់ដោយឡែកផ្សេងពីហ្វ្រាំងជាន់ថយល្បឿន និងបញ្ឈប់រថយន្ត។ ហ្រ្វាំងនេះ ស្ថិតនៅទីតាំងខុសៗគ្នា ទៅតាមប្រភេទរថយន្ត ដោយខ្លះស្ថិតនៅជិតចង្កឹះលេខ និងខ្លះទៀតស្ថិតនៅឈ្នាន់ខាងក្រោម ក្បែរឈ្នាន់ហ្រ្វាំងនិងឈ្នាន់ហ្គែរ។
ហ្វ្រាំងដៃ ត្រូវបានរចនាឡើងមកជាមួយរថយន្ត ដើម្បីឱ្យអ្នកបើកបរអាចប្រើប្រាស់ក្នុងស្ថានភាពចាំបាច់មួយចំនួន និងករណីមានអាសន្នដូចខាងក្រោមនេះ៖
- ពេលចត
ជាទូទៅនៅពេលចតរថយន្តលើផ្លូវរាបស្មើ អ្នកបើកបរគ្រាន់តែដាក់ចង្កឹះលេខ P ជាការស្រេច។ ប៉ុន្តែប្រសិនបើចតរថយន្តនៅលើផ្លូវទួល ឬជម្រាល គឺចាំបាច់ត្រូវបន្ថែមដាក់ហ្រ្វាំងដៃ ដើម្បីធានាថា រថយន្តនឹងមិនរអិលទៅមុខ ឬមកក្រោយ ហើយវាក៏ជួយដល់ប្រអប់លេខមិនឱ្យប្រឹងផងដែរ។
- ពេលកំពុងស្ទះនៅលើផ្លូវទួល
នៅពេលអ្នកកំពុងបើកបរឡើងផ្លូវទួល ប៉ុន្តែបានជួបការកកស្ទះ ដូច្នេះគប្បីគួរប្រើប្រាស់ហ្វ្រាំងដៃ ដើម្បីកុំឱ្យរអិលមកក្រោយ ព្រោះពេលដកជើងពីឈ្នាន់ហ្រ្វាំង មកជាន់ហ្គែរ គឺវាអាចនឹងទួងកង់ ឬរអិលមកក្រោយបន្តិច ដែលអាចប៉ះពាល់ដល់អ្នកដំណើរខាងក្រោយបាន។
- ពេលឈប់ស្តុប
ប្រសិនបើអ្នកមិនចង់ជាន់ហ្វ្រាំង ឬប្តូរចង្កឹះលេខមកអក្សរ P ក្នុងអំឡុងឈប់ស្តុបក្រហមនោះទេ គឺអ្នកអាចដាក់ហ្វ្រំាងដៃ កុំឱ្យរថយន្តរំកិលទៅមុខក៏បានដែរ។
- ពេលមានករណីអាសន្ន
ពេលបើករថយន្តសុខៗស្រាប់តែមានបញ្ហាហ្វ្រាំង ដូចជាជាន់ហ្វ្រាំងមិនស៊ី ឬដាច់ហ្រ្វាំងជាដើម គឺលោកអ្នកអាចប្រើប្រាស់ហ្វ្រាំងដៃជំនួស ដើម្បីជួយបន្ថយល្បឿនរថយន្ត។ ក្នុងករណីនេះ ក៏គប្បីប្តូរចង្កឹះលេខពីអក្សរ D មកលេខ2 ឬអក្សរ L ផងដែរ៕