ចង់ដឹងថា រថយន្តអ្នកដល់ពេលប្តូរប្រេងម៉ាស៊ីនឬនៅនោះ មើលតែ ៥ចំណុចនេះនឹងដឹងភ្លាម

ប្រេងម៉ាស៊ីន គឺជាអាយុជីវិតរបស់​រថយន្តចំហេះក្នុង ដែលវាជួយការពារគ្រឿងបង្គុំម៉ាស៊ីនមិនឲ្យសឹករិចរិល និងធ្វើឲ្យការបើកបរយ៉ាងរលូន។ ប៉ុន្តែប្រសិនបើប្រេងម៉ាស៊ីន ដល់ពេលដែលត្រូវផ្លាស់ប្តូរហើយនោះ ហើយអ្នកធ្វេសប្រហែស​ មិនអើពើផ្លាស់ប្តូរវាចេញទេ អ្នកនឹងត្រូវប្រឈមមុខនឹងការចំណាយច្រើនលើការជួសជុលជាមិនខាន។

ដើម្បីចង់ដឹងថា រថយន្តអ្នកដល់ពេលផ្លាស់ប្តូរប្រេងម៉ាស៊ីន ឬនៅនោះ អ្នកអាចសម្គាល់​នូវសញ្ញា ៥យ៉ាងដូចខាងក្រោមនេះ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

១. ចម្ងាយគីឡូម៉ែត្រ ឬរយៈពេល

ជាទូទៅនៅពេលអ្នកផ្លាស់ប្តូរប្រេងម៉ាស៊ីន​នៅតាមយានដ្ឋានណាមួយ អ្នកបច្ចេកទេសនឹងកត់ត្រាចំនួនគីឡូម៉ែត្រ ឬម៉ាយល៍ ដែលកំណត់ត្រូវផ្លាស់ប្តូរចេញ ទៅតាមគុណភាពប្រភេទប្រេងម៉ាស៊ីននីមួយៗ។ ដូច្នេះ ប្រសិនបើអ្នកបើកបរដល់គ្រប់ ឬជិតគ្រប់ចំនួនគីឡូម៉ែត្រនេះហើយ គឺគួរតែផ្លាស់ប្តូរចេញតែម្តង។ ប៉ុន្តែប្រសិនភាគច្រើនបើអ្នកទុករថយន្តចោល ជិះបានចម្ងាយតិចតួច គឺគួរតែយ៉ាងហោចណាស់ ប្តូរជារៀងរាល់ ៦ខែម្តង។

២. ប្រេងឡើងពណ៌ខ្មៅ ឬកខ្វក់

អ្នកក៏អាចកត់សម្គាល់​ពីពណ៌របស់ប្រេងម៉ាស៊ីនផងដែរ តាមរយៈការដកម៉ាកេប្រេងមកពិនិត្យមើល ថាតើវាមានស្ថានភាពបែបណា។ បើឃើញថា ពណ៌ប្រេងឡើងខ្មៅដិតខ្លាំង ឬមានជាប់កម្ទេចកម្ទីទៀតនោះ គឺត្រូវយកទៅជួបជាងជំនាញ ដើម្បីវិនិច្ឆ័យពីគុណភាពប្រេង មុនពេលវាឈានដល់ប៉ះពាល់ម៉ាស៊ីន។

៣. ចាប់ផ្តើមលាន់សំឡេងចេញពីក្នុងម៉ាស៊ីន

ប្រេងម៉ាស៊ីន មានតួនាទីរំអិលគ្រប់ផ្នែកគ្រឿងបង្គុំរបស់ម៉ាស៊ីន ប៉ុន្តែនៅពេលប្រេងចាប់ផ្តើមធ្លាក់គុណភាពនោះ ភាពរំអិលរបស់ប្រេងក៏ចាប់ផ្តើមលែងមានទៀតដែរ ដែលធ្វើឲ្យគ្រឿងមេកានិចកកិតគ្នាកាន់តែខ្លាំង បង្កសំឡេងលាន់កាន់តែខ្លាំង។

៤. សញ្ញាព្រមានដាស់តឿនឲ្យប្តូរប្រេង ឬចេញសញ្ញា Check

រថយន្តទំនើបៗនាពេលបច្ចុប្បន្ន ត្រូវបានបំពាក់​ជាមួយសេនស័រដែល​ត្រួតពិនិត្យគុណភាព និងកម្រិត​ប្រេងម៉ាស៊ីន។ ប្រសិនបើអ្នកឃើញមានលោតសញ្ញាព្រមានដាស់តឿនឲ្យប្តូរប្រេង (oil change) ឬចេញសញ្ញា check សូមកុំព្រងើយកន្តើយឲ្យសោះ គឺត្រូវយករថយន្តទៅប្តូរប្រេងភ្លាម។

៥. ចេញផ្សែង ឬធុំក្លិនឈ្ងៀម

ប្រសិនបើអ្នកកត់សម្គាល់ឃើញមានផ្សែងខ្មៅខ្លាំង ឬធុំក្លិនឈ្ងៀម ក្រោយពេលបញ្ឆេះរថយន្ត វាក៏អាចបង្ហាញដែរថា គុណភាព​ប្រេងម៉ាស៊ីនចាប់ផ្តើមចុះអន់ថយ ឬអាចមានការលេចជ្រាបប្រេងចូលក្នុងបន្ទប់ចំហេះ ដូច្នេះគួរយកទៅការ៉ាស់ឆែកមើលឲ្យបានទាន់ពេល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម