
ប្រសិនបើអ្នកកំពុងបើកបររថយន្តអគ្គិសនី ក្នុងក្រុង ឬតាមខេត្ត ហើយឃើញថាមពលអាគុយសល់ ៤០% ហើយក្នុងកុងទ័ររថយន្តនោះ នឹងបញ្ជាក់អំពីចម្ងាយដែលអាចបន្តបើកបាន។ ប៉ុន្តែការវាស់វែងនេះ នៅតែមិនទាន់ត្រឹមត្រូវនៅឡើយ ព្រោះតាមបណ្តោយផ្លូវអាចនឹងជួបស្ថានភាពផ្សេងៗ ដែលធ្វើឲ្យចម្ងាយផ្លូវត្រូវកាត់បន្ថយទៀត។
ដើម្បីបង្កើនភាពជឿជាក់លើចម្ងាយផ្លូវនៃថាមពលអាគុយដែលនៅសល់ ក្រុមវិស្វករនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា បានអភិវឌ្ឍបច្ចេកវិទ្យាវាស់វែងថ្មីមួយ ហៅថា ‘State of Mission (SOM)’។ វាត្រូវបានរចនា ដើម្បីឆ្លើយតបនឹងសំណួរថា “តើអាគុយនេះ ក្នុងស្ថានភាពវាបែបនេះ តើវាអាចបើកដល់គោលដៅដោយជោគជ័យឬទេ?”
SOM នឹងប្រើប្រាស់ទាំងទិន្នន័យអាគុយ និងកត្តាជាក់ស្តែងដូចជា គំរូចរាចរណ៍ ការប្រែប្រួលរយ:កម្ពស់ ឬសីតុណ្ហភាពនៅជុំវិញ ដើម្បីបង្កើតពេលវេលាជាក់លាក់ និងការព្យាករកាន់តែច្បាស់លាស់។ ចំពោះដំណើរការលម្អិតនៃប្រព័ន្ធ SOM ត្រូវបានផ្សព្វផ្សាយក្នុងព្រឹត្តបត្រ iScience។
បើទោះបីជាកំពុងស្ថិតក្រោមការអភិវឌ្ឍយ៉ាងណាក្តី ក្រុមវិស្វករ បានអះអាងថា ប្រព័ន្ធ SOM នេះ នឹងប្រែក្លាយទិន្នន័យអាគុយ សម្រាប់ការសម្រេចចិត្ត ការធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាព ភាពជឿជាក់ និងផែនការសម្រាប់ការដាក់បញ្ចូលគ្នានៅក្នុងយានយន្ត ឬដ្រូន នាពេលអនាគត៕