BYD និង Honor ប្រកាសចាប់ដៃគ្នា ត្រៀមប្រើស្មាតហ្វូន Honor សម្រាប់បញ្ជាររថយន្ត BYD

ស្របពេលដែលបច្ចុប្បន្ននេះ ស្មាតហ្វូនកំពុងក្លាយជាផ្នែកមួយដែលតម្រូវការចាំបាច់បំផុតក្នុងជីវិតប្រចាំថ្ងៃ ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានប្រកាសចុះនូវកិច្ចសហការថ្មីរបស់ខ្លួនជាមួយក្រុមហ៊ុនផលិតស្មាតហ្វូន Honor ហើយ ដោយក្នុងនោះ កិច្ចសហការនេះ គឺមានគោលបំណងសំខាន់ក្នុងការរួមបញ្ចូលគ្នារវាងទូរស័ព្ទ និងរថយន្ត ដើម្បីបង្កើតចេញជាប្រព័ន្ធអេកូឡូស៊ីដ៏ឆ្លាតវៃមួយសម្រាប់ជំនួយទៅដល់ការប្រើប្រាស់រថយន្ត។

ក្នុងនោះ ក្រោយកិច្ចសហការនេះ ក្រុមហ៊ុន Honor នឹងផ្តោតលើការតភ្ជាប់ទូរស័ព្ទជាមួយរថយន្ត ហើយក្រុមហ៊ុន BYD វិញ នឹងផ្តោតលើប្រព័ន្ធ DiLink ឆ្លាតវៃជំនាន់ថ្មី។ ជាមួយគ្នានេះ ក្រុមហ៊ុនទាំងពីរក៏នឹងបង្កើតក្រុមវិស្វកររួមគ្នាសម្រាប់ការស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗ ដែលផ្តោតលើការរួមបញ្ចូលបញ្ញាសិប្បនិម្មិត (AI) ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ថា សម្រាប់មុខងារដំបូងបំផុតដែលក្រុមហ៊ុនទាំងពីរនឹងបង្ហាញចេញនៅក្នុងពេលឆាប់ៗនេះគឺមុខងារ high-precision Bluetooth car keys ។ មុខងារនេះ អាចបម្លែងស្មាតហ្វូន Honor ណាមួយឲ្យក្លាយទៅជាសោរថយន្តឆ្លាតវៃ ពោលគឺអាចចាក់សោ ដោះសោ ឬបញ្ឆេះម៉ាស៊ីនដោយមិនចាំបាច់យកទូរស័ព្ទចេញពីហោប៉ៅនោះឡើយ។

ក្រៅពីនេះ ក៏មានមុខងារ App Continuity ផងដែរ។ ឧទាហរណ៍៖ ប្រសិនបើបងប្អូនកំពុងមើលផែនទីនៅលើទូរស័ព្ទ ហើយដើរចូលទៅក្នុងរថយន្ត នោះកម្មវិធីផែនទីដែលយើងកំពុងមើលនៅលើទូរស័ព្ទនោះ នឹងលោតឡើងលើអេក្រង់កម្សាន្តរបស់រថយន្តភ្លាមៗតែម្តង ពោលគឺមិនចាំបាច់ចុចបើកនោះឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម