
ក្នុងឱកាសថ្ងៃ្ងបុណ្យឈប់សម្រាកខាងមុខនេះ បងប្អូនប្រជាពលរដ្ឋនឹងធ្វើដំណើរកម្សាន្តទៅតាមបណ្តារមណីយដ្ឋាននានា ក្នុងនោះ ក៏នឹងមានការធ្វើដំណើរតាមផ្លូវល្បឿនលឿនទៅលេងខេត្តព្រះសីហនុផងដែរ។ យ៉ាងណាមិញ ប្រសិនបើអ្នកទើបទិញរថយន្តថ្មី មិនទាន់មានផ្លាកលេខ និងឆៀក ទេនោះ គឺនឹងមិនត្រូវបានអនុញ្ញាតឲ្យចូលប្រើប្រាស់ផ្លូវល្បឿនលឿននេះឡើយ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់រួចមកហើយ ក្នុងពេលចាប់ផ្តើមដាក់ដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ យ៉ាងដូច្នេះថា៖ រាល់យានយន្តចូលប្រើប្រាស់ផ្លូវល្បឿនលឿន ត្រូវមាន៖
– ផ្លាកលេខសម្គាល់យានយន្ត
– ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) មានសុពលភាព
– កាតព្វកិច្ចផ្សេងៗតាមច្បាប់ដែលបានកំណត់។

គួរយល់ដឹងផងដែរថា មុនចូលបើកបរលើផ្លូវល្បឿនលឿននេះ គឺត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឲ្យបានត្រឹមត្រូវ រួមមានៈ
១. ការពិនិត្យបឋម
– ទឹក ប្រេងម៉ាស៊ីន និងប្រេងឥន្ធនៈ ត្រូវមានបរិមាណគ្រប់គ្រាន់តាមកម្រិតកំណត់
– ភ្លើងសញ្ញាប្តូរទិស ភ្លើងហ្វា/កូត ភ្លើងហ្រ្វាំង ត្រូវពិនិត្យដំណើរការឱ្យបានល្អ
– សំបកកង់ ត្រូវមានជម្រៅក្រឡាល្អ កុំឱ្យមានស្នាមប្រេះ រហែក ប៉ោង និងត្រូវពិនិត្យសម្ពាធខ្យល់ក្នុងកង់ឱ្យបានត្រឹមត្រូវ កុំអោយតឹងពេក ឬធូរពេក។
២. សម្ភារៈចាំបាច់ដែលគួរមាននៅក្នុងរថយន្ត
– សម្ភារៈជួសជុលបឋម
– ចំណាំងផ្លាតពណ៌ក្រហមរាងត្រីកោណ
– បំពង់ពន្លត់អគ្គិភ័យ៕














