កម្ពុជា គ្រោងទម្លាក់ថ្លៃសាក EV និងពង្រាយស្ថានីយបញ្ចូលថាមពលល្បឿនលឿនទូទាំងប្រទេស

ដើម្បីជំរុញឲ្យមានការប្រើប្រាស់រថយន្តអគ្គិសនីឲ្យកាន់តែច្រើនថែមទៀតនោះ រាជរដ្ឋាភិបាល គ្រោងនឹងទម្លាក់ថវិកាទ្រង់ទ្រាយធំ ដើម្បីពង្រាយស្ថានីយសាករថយន្តអគ្គិសនីនៅទូទាំងប្រទេស និង​ធ្វើឲ្យតម្លៃសាកកាន់តែទាប។

ឯ​​​​​កឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែង​ក្រោយកិច្ចប្រជុំបៃតង និងចីរភាពសកល ឆ្នាំ២០២៥ នៅថ្ងៃទី៣០ ខែតុលាថា ផែនការរបស់ក្រសួង គឺធ្វើយ៉ាងណាដើម្បីបន្ទាបតម្លៃនៃការសាកអាគុយរថយន្តអគ្គិសនី ឲ្យស្ថិតនៅក្រោមតម្លៃបច្ចុប្បន្ន ដែលកន្លែងខ្លះ ១៦០០ ឬ ១៧០០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនតែប៉ុណ្ណោះ ស្ថានីយសាកអាគុយ EV នឹងត្រូវបង្កើតបន្ថែម​នៅទូទាំងប្រទេស ដើម្បីកាត់បន្ថយក្តីបារម្ភរបស់អ្នកប្រើប្រាស់ ពោលគឺមិនថាទៅដល់ទីណា ក៏មានកន្លែងសាកដែរ ហើយមានល្បឿនលឿនថែមទៀតផង ដោយមិនចំណាយពេលរង់ចាំយូរនោះទេ។

បើតាម ឯ​​​​​កឧត្តម កែវ រតនៈ ការលើកកម្ពស់ប្រើប្រាស់រថយន្តអគ្គិសនី គឺ​ដើម្បីជួយដល់បរិស្ថាន និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ដោយសារការប្រើប្រាស់ ការថែទាំ និងការជួសជុល​រថយន្តអគ្គិសនី គឺចំណាយតិចជាងរថយន្តចំហេះក្នុង។

សូមជម្រាប​ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ កម្ពុជាមានយានយន្តអគ្គិសនីចុះបញ្ជីសរុប ១០ ៥៦៨គ្រឿង ក្នុងនោះរថយន្តអគ្គិសនី ៧ ១៨៧គ្រឿង, ត្រីចក្រយានយន្តអគ្គិសនីចំនួន ៦៧១គ្រឿង និងម៉ូតូអគ្គិសនីចំនួន ២៧១០គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម