
បន្ទាប់ពីប្រកាសចេញលក់នូវជម្រើសអគ្គិសនីសុទ្ធធម្មតារបស់ខ្លួនរួច ពេលនេះ ក្រុមហ៊ុន Xpeng បានធ្វើការប្រកាសបង្ហាញចេញនូវរូបរាងផ្លូវការ ក៏ដូចជាព័ត៌មានខ្លះៗអំពីរថយន្ត MPV ៧កៅអី Xpeng X9 ម៉ូឌែល Ultra របស់ខ្លួនហើយ ដោយក្នុងនោះ នឹងធ្វើការប្រកាសបង្ហាញចេញជាផ្លូវការ និងដាក់លក់នៅក្នុងពេលឆាប់ៗខាងមុខនេះ នៅក្នុងទីផ្សារចិន។

យោងតាមក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) របស់ប្រទេសចិន បានបង្ហាញឲដឹងថា រថយន្តនេះ គឺនឹងទទួលបាននូវបន្ទះឈីប Turing AI ដែលជាបន្ទះឈីបដែលផលិតដោយខ្លួនឯងដល់ទៅ ៣ ឯណ្ណោះ។ ក្នុងនោះ បន្ទះឈីបទាំង ៣ នេះ គឺមានថាមពលសរុប 2250 TOPS (trillion operations per second) ។

លើសពីនេះ ក៏នឹងទទួលបាននូវប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតខ្ពស់ (Advanced Driver Assistance System – ADAS) ដែលដំណើរលើម៉ូដែល AI ធំជាច្រើនដូចជា VLA (Vehicle Large Model) និង VLM (Vehicle Language Model) សម្រាប់បញ្ជាមុខងារជាច្រើនតាមរយៈការប្រើសំឡេងផងដែរ។
រថយន្ត Xpeng X9 ម៉ូឌែល Ultra ប្រើអគ្គិសនីសុទ្ធនេះ មានប្រវែង ៥ ៣១៦ ម.ម ទទឹង ១ ៩៨៨ ម.ម កម្ពស់ ១ ៧៨៥ ម.ម និងប្រវែងគម្លាតកង់ ៣ ១៦០ ម.ម ។ វាដំណើរការដោយ៖
- ម៉ូទ័រអគ្គិសនីចំនួន ១ (RWD) អាចផលិតកម្លាំងបាន ៣១៥សេះ
- ម៉ូទ័រអគ្គិសនីចំនួន ២ (AWD) អាចផលិតកម្លាំងបាន ៣១៥សេះ និង ១៨១សេះ

គួរបញ្ជាក់ថា សម្រាប់ការរចនារូបរាងផ្នែកខាងក្រៅវិញ ក៏បានរក្សានូវការរចនាដូចគ្នានឹងម៉ូឌែល EV ផ្សេងៗផងដែរ ប៉ុន្តែក៏ទទួលបាននូវការអាប់ដេតទៅលើផ្នែកអំពូលកាត់អ័ព្ទ និងកាងផ្នែកមុខខាងក្រោមផងដែរ។ លើសពីនេះ ក៏នឹងទទួលបានជម្រើសអាគុយប្រភេទ ternary lithium battery ដែលផ្គត់ផ្គង់ដោយ CALB ក៏ដូចជាជម្រើសថាសកង់ទំហំ ១៩ និង ២០អ៊ីញផងដែរ ខណៈព័ត៌មានលម្អិតផ្សេងទៀតមិនទាន់បង្ហាញចេញនូវឡើយទេ៕





















