មូលហេតុធំៗដែលបណ្តាលឲ្យម៉ាស៊ីនរថយន្តស្រាប់តែឡើងកម្តៅខ្លាំង

នៅពេលធ្វើដំណើរម្តងៗ អ្នកបើកបររថយន្ត​ មិនត្រូវធ្វេសប្រហែសដាច់ខាត​ចំពោះការឡើងកម្តៅ​ខ្លាំងហួសពីចំណុចពាក់កណ្តាល ឬហួសពី​សីតុណ្ហភាពប្រតិបត្តិការ (operating temperature) ដែលបង្ហាញ​ក្នុងកុងទ័រ។

ប្រសិនបើរថយន្តស្រាប់តែឡើងកម្តៅ ហើយអ្នកបើកបរមិនបានចាប់អារម្មណ៍នោះ វាមិនត្រឹមតែធ្វើឲ្យរថយន្តត្រូវរលត់កណ្តាលផ្លូវនោះទេ ថែមទាំងត្រូវ​ចំណាយច្រើនលើការជួសជុល ឬអាចមានហានិភ័យធ្ងន់ធ្ងន់ជាងនេះទៀត។ យ៉ាងណាមិញ បើឈប់រថយន្តទាន់ពេលមុនវារលត់ នឹងជួយបានច្រើន ហើយពេលខ្លះអាចនឹងចំណាយលុយបន្តិចបន្តួចប៉ុណ្ណោះ ព្រោះមូលហេតុដែលបណ្តាលឲ្យឡើងកម្តៅ មានធ្ងន់ មានស្រាល តាមករណីដូចខាងក្រោមនេះ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

១. ទឹកស្អំអស់ ឬសល់តិចពេក៖ កាលណាទឹកស្អំ មិនគ្រប់សម្រាប់ទប់កម្តៅម៉ាស៊ីន នោះកម្តៅនឹងឡើងខ្លាំង។ ការបាត់ទឹកនេះ ក៏មានមូលហេតុច្រើនថែមទៀត ដូចជា ការលេចជ្រាប បែកធុងទឹក ឬមានការរបូតទុយោផ្នែកណាមួយ ដែលយើងអាចមើលឃើញបាន។ តែការបាត់ទឹក​ដែលពិបាកធ្វើឲ្យយើងដឹង គឺផ្នែកខាងក្នុង ដូចជា ឆេះរ៉ងក្បាលគុយឡាស់ ប្រេះក្បាលស៊ីឡាំង ខូចគម្របធុងទឹក ឬខូចបូមទឹកជាដើម។

២. ក្លាប៉េ៖ វាជាអ្នកកំណត់សីតុណ្ហភាព​ក្តៅត្រជាក់នៃទឹក និងបើកឲ្យទឹករត់ទៅមកក្នុងម៉ាស៊ីនដោយស្វ័យប្រវត្តិ។ ដូច្នេះបើវាខូច ការវិលជុំនៃទឹកនឹងមានភាពខុសប្រក្រតី ដែលបណ្តាល​ឲ្យឡើងកម្តៅម៉ាស៊ីន។

៣. ប្រេងម៉ាស៊ីន៖ ភាគច្រើន​ការបាត់ប្រេង កើតឡើងលើរថយន្តចាស់ៗ ដែលពេលធ្វើដំណើរផ្លូវឆ្ងាយពេលខ្លះ វាស្ងួតប្រេងតែម្តង ដែលធ្វើឲ្យគ្រឿងបង្គុំម៉ាស៊ីនទង្គិចគ្នាដោយផ្ទាល់ បង្កើនកម្តៅម៉ាស៊ីនកាន់តែខ្ពស់ ហើយជាមួយគ្នានោះ វាក៏លោតចេញឆេកសញ្ញាប្រេងម៉ាស៊ីនផងដែរ។ ករណីខ្លះទៀត រថយន្តមិនបាត់ប្រេងទេ ប៉ុន្តែវាជាការខូចបូមប្រេង ដែលមិនអាចឲ្យប្រេងឡើងទៅរំអិលដល់គ្រឿងបង្គុំបានទេ។

៤. កង្ហា៖ វាជាផ្នែកដ៏សំខាន់មួយផងដែរ នៃប្រព័ន្ធបញ្ចុះកម្តៅ ព្រោះម៉ាស៊ីនក្រៅតែពីត្រូវការប្រេង និងទឹកហើយ ក៏ត្រូវការកង្ហាវិលបក់ជួយបញ្ចុះកម្តៅថែមទៀតផងដែរ។ បើផ្នែកណាមូយដែលធ្វើឲ្យកង្ហាបានខូចគាំង នឹងធ្វើឲ្យម៉ាស៊ីនរថយន្តឡើងកម្តៅបន្តិចម្តងៗ ហើយក្នុងកាប៊ីន ក៏ចាប់ផ្តើមលែងត្រជាក់ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម