រាល់ការធ្វើសេវាកម្មបញ្ចូលថាមពលយានយន្តអគ្គិសនី ត្រូវមានអាជ្ញាបណ្ណចេញដោយ អាជ្ញាធរអគ្គិសនីកម្ពុជា។ អាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា លក្ខខណ្ឌក្នុងការទទួលបានអាជ្ញាបណ្ណ ត្រូវមាន៖
១. មានលិខិតអនុញ្ញាតឲ្យវិនិយោគពីក្រសួងរ៉ែ និងថាមពល
២. មានកិច្ចព្រមព្រៀងលក់-ទិញអគ្គិសនីជាមួយអ្នកផ្គត់ផ្គង់អគ្គិសនី។

ស្ថានីយបញ្ចូលថាមពលដែលមានអាជ្ញាបណ្ណ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖
-ធ្វើអាជីវកម្មស្របច្បាប់ និងការពារដោយច្បាប់
-ពុំមានការបង់ប្រាក់កក់ និងប្រាក់ភ្ជាប់ចរន្ត
-ពុំមានការចំណាយលើការវិនិយោគប្រព័ន្ធបណ្តាញអគ្គិសនី និងត្រង់ស្វូ
-មានការកំណត់ថ្លៃទិញ និងថ្លៃលក់អគ្គិសនីត្រឹមត្រូវ
-ប្រើប្រព័ន្ធគ្រប់គ្រងស្ថានីយ និងកម្មវិធីទូរសព្ទរួម។

គួរដឹងថា កាលពីខែតុលាកន្លងទៅ អាជ្ញាធរអគ្គិសនីកម្ពុជា បានសម្រេចកំណត់តម្លៃនៃការបញ្ចូលថាមពលសម្រាប់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី រួមមានដូចខាងក្រោម:
១. ការបញ្ចូលថាមពលតាមចរន្តឆ្លាស់ (AC) តម្លៃ ១០៥០រៀលក្នុង១គីឡូវ៉ាត់ម៉ោង
២. ការបញ្ចូលថាមពលតាមចរន្តជាប់ (DC) ល្បឿនលឿន Fast Charge អនុភាពរហូតដល់ 250 kw តម្លៃ ១៣៥០រៀលក្នុង១គីឡូវ៉ាត់ម៉ោង
៣. ការបញ្ចូលថាមពលតាមចរន្តជាប់ (DC) ល្បឿនលឿនខ្លាំង Super-fast Charge អនុភាពលើសពី 250 kw ឡើង តម្លៃ ១៤៥០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ១០ ៥៦៨គ្រឿង ក្នុងនោះរថយន្តអគ្គិសនី ៧ ១៨៧គ្រឿង, ត្រីចក្រយានយន្តអគ្គិសនីចំនួន ៦៧១គ្រឿង និងម៉ូតូអគ្គិសនីចំនួន ២៧១០គ្រឿង៕















