មានការលើកឡើងជាច្រើនថា Mazda3 ដែលប្រើម៉ាស៊ីនចំហេះក្នុង នឹងមិនត្រូវបានផលិតទៀតឡើយនៅឆ្នាំក្រោយ ប៉ុន្តែនឹងមកជាមួយ version អគ្គិសនី ដែលអភិវឌ្ឍរួមគ្នាជាមួយក្រុមហ៊ុនចិន Deepal។

រថយន្ត Mazda3 ត្រូវបានរំពឹងថា នឹងប្រើគ្រោងឆ្អឹងរបស់រថយន្ត Deepal L06 ហើយជាមួយគ្នានោះ វាក៏នឹងបំពាក់បច្ចេកវិទ្យាកាន់តែទំនើបជាពិសេសនៅផ្នែកកាប៊ីន និងមានប្រព័ន្ធ LiDar ផងដែរ ប៉ុន្តែរូបរាងនឹងនៅតែជាការឌីហ្សាញ Kodo ដែលជាអត្តសញ្ញាណរបស់ Mazda។
អ្វីដែលកាន់តែគួរឲ្យកត់សម្គាល់ទៀតនោះ គឺតាមរយៈឈ្មោះ Mazda3e ក្នុងពាក្យស្នើសុំម៉ាកសម្គាល់ពាណិជ្ជកម្មដែលដាក់នៅក្នុងប្រទេសអូស្ត្រាលី អង់គ្លេស និងអឺរ៉ុប ស្របពេលដែល Deepal ប្រកាសចេញរថយន្តស៊ីដេន LO6 ខាងលើនេះ។ ដូច្នេះ រថយន្តអគ្គិសនីថ្មីនោះ អាចជា Mazda3e ឬក៏អាចដាក់ឈ្មោះ Mazda EZ-3 តាមទីផ្សារមួយចំនួន ដូចជា Mazda EZ-6 និង EZ-60 ដែលសហការជាមួយ Deepal កន្លងមក។

គួរដឹងថា សម្រាប់រថយន្តអគ្គិសនី Deepal L06 បំពាក់ម៉ូទ័រ១ កម្លាំង ២៦៨សេះ ជាមួយជម្រើសកញ្ចប់អាគុយ២ គឺទំហំ ៥៦គីឡូវ៉ាត់ម៉ោង និងមួយទៀតទំហំ ៦៩គីឡូវ៉ាត់ម៉ោង ដែលមានចម្ងាយបើកបរដល់ ៦៧០គីឡូម៉ែត្រ៕
















