ហេតុអ្វីរថយន្ត Hybrid/PHEV ភាគច្រើន មិនបំពាក់មកជាមួយម៉ាស៊ីនម៉ាស៊ូត?

ភាគច្រើនបំផុតហើយដែលរថយន្ត Hybrid ឬ PHEV តែងបំពាក់មកជាមួយម៉ាស៊ីនសាំង ពោលគឺ​មិនសូវឃើញមានបំពាក់ម៉ាស៊ីនម៉ាស៊ូតនោះទេ។ កន្លងមក រថយន្ត Hybrid/PHEV ដែលបំពាក់ម៉ាស៊ីនម៉ាស៊ូត គឺមានតែ Mercedes-Benz, Peugeot និង Volvo សម្រាប់តែទីផ្សារអឺរ៉ុបប៉ុណ្ណោះ។ មូលហេតុនោះគឺវាពាក់ព័ន្ធជាមួយបច្ចេកទេស ការចំណាយ ច្បាប់នៃការបញ្ចេញផ្សែង និងតម្រូវការទីផ្សារ។

១-ដំណើរការឆេះរលត់ៈ រថយន្ត Hybrid គឺវាតែងផ្លាស់ប្តូរស្វ័យប្រវត្តិពីការរត់ដោយម៉ាស៊ីនចំហេះក្នុង និងអគ្គិសនី ជាពិសេសការបើកបរក្នុងទីក្រុង។ ដូច្នេះ វាមិនស័ក្តិសមប្រើជាមួយម៉ាស៊ីនម៉ាស៊ូត ដែលត្រូវការ​បញ្ឆេះម៉ាស៊ីនជាប់រលូននោះទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២-ភាពមិនត្រូវគ្នានៃម៉ាស៊ីនៈ ម៉ាស៊ីនម៉ាស៊ូត និងម៉ូទ័រអគ្គិសនី មានដំណើរការជាន់គ្នា ព្រោះវាមានកម្លាំងរមួលខ្ពស់ នៅល្បឿនទាបដូចគ្នា ពោលគឺវា មិនបំពេញឲ្យគ្នាទៅវិញទៅមកដូចម៉ាស៊ីនសាំង និងម៉ូទ័រអគ្គិសនី​នោះទេ។

៣-ទម្ងន់ៈ ម៉ាស៊ីនម៉ាស៊ូត ជាទូទៅ​ធ្ងន់ជាង និងមានភាពសុំាញំាជាងម៉ាស៊ីនសាំងស្រាប់ទៅហើយ បើបំពាក់ប្រព័ន្ធ Hybrid ទៀតនោះនឹងបន្ថែមទម្ងន់កាន់តែធ្ងន់ និងស្មុគស្មាញ ព្រោះរថយន្ត​ត្រូវបំពាក់បន្ថែម​ជាមួយ ម៉ូទ័រ អាគុយ និងគ្រឿងបង្គុំផ្សេងទៀត។

៤-ការចំណាយខ្ពស់ៈ ម៉ាស៊ីនម៉ាស៊ូត គឺថ្លៃជាងម៉ាស៊ីនសាំង ដោយសារត្រូវដាក់គ្រឿងបង្គុំច្រើនជាង ហើយបើបន្ថែម Hybrid ទៀត នោះនឹងធ្វើឲ្យក្រុមហ៊ុនផលិត ចំណាយរឹតតែខ្ពស់ ដែលធ្វើឲ្យរថយន្តមានតម្លៃថ្លៃក្នុងទីផ្សារ។

៥-ច្បាប់នៃការបញ្ចេញផ្សែង: សម្រាប់រថយន្តដែលប្រើម៉ាស៊ីនម៉ាស៊ូត ប្រឈមនឹងការរឹតត្បិតខ្លាំងនៃការបញ្ចេញផ្សែង ដោយរថយន្តប្រភេទនេះ មានការបំពុលខ្លាំងជាងរថយន្តសាំង។ ប្រទេសមួយចំនួនបានតម្រូវឲ្យ​រថយន្តម៉ាស៊ូត បំពាក់បន្ថែមប្រព័ន្ធកាត់បន្ថយការបញ្ចេញនីដ្រូសែនអុកស៊ីត ដូចជា AdBlue ឬ DEF ជាដើម។

៦-តម្រូវការទីផ្សារៈ បើទោះបីជាម៉ាស៊ីនម៉ាស៊ូត មានការសន្សសំចៃនៃការប្រើប្រាស់ឥន្ធនៈតិចជាងម៉ាស៊ីនសាំងក៏ដោយ ប៉ុន្តែតម្រូវការរថយន្តម៉ាស៊ូត បានធ្លាក់ចុះ​ជាបន្តបន្ទាប់ក្នុងទីផ្សារជាច្រើន ដោយសារបញ្ហាបរិស្ថាន និងការចំណាយច្រើនលើការថែទាំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម