
នៅពេលទិញរថយន្តតពីនរណាម្នាក់ តាមច្បាប់គឺតម្រូវឲ្យផ្ទេរកម្មសិទ្ធិ ឬកាត់ឈ្មោះមកឲ្យអ្នកទិញក្រោយ។ ប៉ុន្តែបែបបទនីតិវិធីផ្ទេរកម្មសិទ្ធិយានយន្តនេះ គឺត្រូវការឯកសារច្រើន និងចំណាយច្រើនផងដែរតាមប្រភេទរថយន្ត ជាហេតុធ្វើឲ្យពួកគេមិនចង់កាត់ឈ្មោះ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការទិញរថយន្តតៗគ្នាដែលមិនបានកាត់ឈ្មោះ នឹងផ្តល់ផលវិបាកច្រើនយ៉ាង ទាំងម្ចាស់រថយន្តដើម និងម្ចាស់ថ្មី រួមមានដូចជា៖
- ប្រសិនបើមានគ្រោះថ្នាក់ចរាចរណ៍ ឬយកយានយន្តទៅប្រព្រឹត្តបទល្មើសផ្សេងៗម្ចាស់ដើមនឹងត្រូវជាប់ការស៊ើបអង្កេតរបស់សមត្ថកិច្ច
- ពេលបាត់បង់ឯកសារដូចជា បណ្ណសម្គាល់យានយន្ត ផ្លាកលេខសម្គាល់យានយន្ត ម្ចាស់បច្ចុប្បន្នគ្មានសិទ្ធិស្នើសុំធ្វើឯកសារទាំងអស់នោះឡើងវិញទេ លុះត្រាណាម្ចាស់ដើមទើបមានសិទ្ធិស្នើសុំ
- ករណីបាត់បង់យានយន្ត ម្ចាស់បច្ចុប្បន្នក៏គ្មានសិទ្ធិប្ដឹងផ្ដល់នោះដែរ លុះត្រាណាម្ចាស់ដើមទើបច្បាប់ទទួលស្គាល់ជាផ្លូវការ
- ប្រសិនបើត្រូវលក់យានយន្តបន្តទៀតម្ចាស់បច្ចុប្បន្នគ្មានសិទ្ធិកាត់ឈ្មោះឲ្យទៅអ្នកទិញបន្តនោះទេ
- ម្ចាស់ដើមនៅតែមានសិទ្ធិស្របច្បាប់លើយានយន្តនោះ
- ម្ចាស់ដើមមានសិទ្ធិគ្រប់ពេលក្នុងការប្តឹងសមត្ថកិច្ចថាយានយន្តរបស់ខ្លួនត្រូវចោរលួចបាត់។

បែបបទ និងនីតិវិធីផ្ទេរកម្មសិទ្ធិសម្រាប់ពលរដ្ឋខ្មែរ៖
ឯកសារតម្រូវ៖
– ពាក្យសុំផ្ទេរកម្មសិទ្ធិ ដែលមានកាល់លេខតួ ឬលេខសាក់ស៊ី (ដែលចម្លងជាក់ស្តែងពីយានយន្ត)
– អត្តសញ្ញាណអ្នកលក់ និងអ្នកទិញ៖
*ពលរដ្ឋខ្មែរ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
-ក្នុងករណីអាសយដ្ឋានបច្ចប្បន្ន ខុសពីអាសយដ្ឋានដែលមាននៅក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវភ្ជាប់មកជាមួយសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច។
– បណ្ណសម្គាល់យានជំនិះ(ច្បាប់ដើម) និងផ្លាកលេខសម្គាល់យានជំនិះ (ករណីផ្ទេរកម្មសិទ្ធិឆ្លងរាជធានី-ខេត្ត)
– វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ
– លិខិតលក់ទិញ ត្រូវធ្វើឡើងនៅទីតាំងផ្តល់សេវាសាធារណៈ និងចំពោះមុខមន្រ្តីមានសមត្ថកិច្ចផ្ទេរកម្មសិទ្ធិ
– កិច្ចសន្យាធានាដែលមានបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាលដែលខ្លួនរស់នៅ (ករណីមិនមានម្ចាស់ដើម)
– បង្កាន់ដៃពន្ធផ្លូវ (ក្នុងពេលប្រមូលពន្ធមធ្យោបាយយានយន្ត)
កម្រៃសេវា៖
-ក្នុងរាជធានី-ខេត្ត ៤៨ ០០០ រៀល
-ឆ្លងរាជធានី-ខេត្ត ១០១ ០០០ រៀល
សូមបញ្ជាក់ថា តម្លៃនេះ មិនរួមបញ្ចូលពន្ធប្រថាប់ត្រា ៤% របស់អគ្គនាយកដ្ឋានពន្ធដារនោះទេ៕















