ក្រុមហ៊ុន Perodua ដែលជាប្រេនរថយន្តម៉ាឡេស៊ី បានបញ្ចេញរថយន្តអគ្គិសនីជាលើកដំបូងគឺ ម៉ូឌែល QV-E មានតម្លៃចាប់ពីជាង ១៩ ០០០ដុល្លារឡើងទៅ។ នេះជារថយន្តអគ្គិសនីជាតិទីមួយរបស់ប្រទេសម៉ាឡេស៊ី ដែលអភិវឌ្ឍពេញលេញ រាប់ចាប់តាំងពីការឌីហ្សាញ រហូតដល់ការផលិត ដែលចូលរួមបើកសម្ពោធដោយផ្ទាល់ពីនាយករដ្ឋមន្រ្តីលោក Datuk Seri Anwar Ibrahim តែម្តង នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។

លោកបានបង្ហាញពីមោទនភាព និងបានថ្លែងថា វាមិនត្រឹមតែជាការបើកសម្ពោធរថយន្តអគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែនោះគឺជាការធ្វើឡើងតាមរយៈភាពវៃឆ្លាត វិន័យ និងការខិតខំធ្វើការរបស់ប្រជាជនម៉ាឡេស៊ី។

រថយន្ត QV-E បំពាក់អាគុយលីចូមផូស្វាត (LFP) ទំហំ ៥២,៥គីឡូវ៉ាត់ម៉ោង ដែលអាចបើកបានចម្ងាយ ៤៤៥គីឡូម៉ែត្រ។ រថយន្តនេះ បំពាក់ម៉ូទ័រអគ្គិសនី១ ផលិតបានកម្លាំង ២០១សេះ ជាន់ស្ទុះពី ០ ទៅ ១០០ គ.ម/ម៉ ប្រើពេល ៧,៥វិនាទី និងមានល្បឿនអតិបរមា ១៦៥គ.ម/ម៉ ដែលធ្វើឲ្យវាក្លាយជាម៉ូឌែលលឿនបំផុតក្នុងចំណោមរថយន្តរបស់ Perodua។

រថយន្តអគ្គិសនីនេះ មកជាមួយយ៉ាន់កង់ alloy ១៨អ៊ីញ, ចង្កៀងមុខក្រោយ LED, ដៃទ្វារលឹប និង spoiler លើដំបូលផងដែរ។ ផ្នែកខាងក្នុង មានកុងទ័រឌីជីថល ១០,២៥អ៊ីញ និងអេក្រង់កម្សាន្តថាច់ស្គ្រីនចំកណ្តាលអាចភ្ជាប់ Apple CarPlay និង Android Auto។ ចំណែកម៉ូដបើកបររួមមាន Eco, Normal និង Sport ប្រើប្រាស់តាមស្ថានភាពផ្លូវ ព្រមទាំងមានប្រព័ន្ធសុវត្ថិភាពជាច្រើនទៀត៕




















